ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា បានដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចការងារលើកទីពីរ នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចំនួន៥ថ្ងៃ ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២។
សូមបញ្ជាក់ថា, ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចការងារលើកទីពីរ នៅសាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ ។
អញ្ជើញអមដំណើរ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រួមមាន លោក ឯកផាប់ ផាន់ថាវង់ អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សង្គមវប្បធម៌អាស៊ាន និងមន្ត្រីជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលមួយចំនួន ព្រមទាំងបុគ្គលិករបស់លេខាធិការដ្ឋានអាស៊ាន ផងដែរ ។
ដំណើរទស្សនកិច្ចលើកទីពីររបស់ប្រេសិតពិសេសទៅកាន់មីយ៉ាន់ម៉ា មានគោលបំណង តាមដានវឌ្ឍនភាពនៃការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច និងលទ្ធផលនៃកិច្ចប្រជុំពិគ្រោះ យោបល់ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ និងដើម្បីរួមចំណែកដល់ការបង្កើតបរិយាកាសអំណោយ ផលសម្រាប់ដំណើរការសន្ទនានយោបាយប្រកបដោយបរិយាប័ន្ន តាមរយៈការជួបពិភាក្សាជាមួយ គ្រប់ភាគីពាក់ព័ន្ធ ៕
ដោយ ៖ សិលា