ព័ត៌មានទាន់ហេតុការណ៍៖

អ៊ុយក្រែនចាប់អតីតចារកម្ម KGB ជួយរុស្ស៊ីវាយប្រហារចំគោលដៅទីតាំងយោធា

ចែករំលែក៖

នៅថ្ងៃទី២៨ខែមិថុនា អ៊ុយក្រែនបានចាប់អតីតចារកម្ម KGB ដែលជាបុគ្គលជួយណែនាំរុស្ស៊ីឱ្យវាយប្រហារដោយមីស៊ីលទៅលើទីតាំងយោធារបស់អ៊ុយក្រែននៅតំបន់ភាគខាងលិចកាលពីខែមីនា សម្លាប់ទាហានអ៊ុយក្រែន៥០នាក់។
សារព័ត៌មាន Reuters នៅថ្ងៃ ទី២៩ ខែមិថុនា ឆ្នាំ២០២២ បានផ្សាយថា ទីភ្នាក់ងារស៊ើបការសម្ងាត់អ៊ុយក្រែនបានឱ្យដឹងថា បានចាប់ខ្លួនអតីតទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សូវៀត KGB ម្នាក់ដែលបានជួយរុស្ស៉ីក្នុងការកំណត់គោលដៅវាយប្រហារដោយមីសុីលផ្ដាច់ជីវិតទាហានអ៊ុយក្រែន៥០នាក់នៅឯមូលដ្ឋានទ័ពមួយកន្លែងស្ថិតនៅភាគខាងលិចនៃប្រទេសកាលពីខែមីនាកន្លងទៅ។
បើតាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែន ជនសង្ស័យខាងលើដែលមិនត្រូវបានបញ្ជាក់អត្តសញ្ញាណ មានដើមកំណើតនៅក្នុងទីក្រុងល្វីវ (Lviv) នៃភាគខាងលិចប្រទេសអ៊ុយក្រែន ហើយបច្ចុប្បន្នរូបគេកំពុងជាប់ឃុំ និងស្ថិតនៅក្រោមការស៊ើបអង្កេតពីបទក្បត់ជាតិ។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរអ៊ុយក្រែន ជនសង្ស័យបានបញ្ជូនទីតាំងនៃគោលដៅវាយប្រហារលើមូលដ្ឋានទ័ពយ៉ាវ៉ូរីវ (Yavoriv) ទៅឱ្យទាហានរុស្ស៉ី តាមរយៈបណ្ដាញទំនាក់ទំនងសង្គម Telegram។ ការវាយប្រហារដោយមីស៊ីលរបស់
រុស្ស៉ីលើមូលដ្ឋានយ៉ាវ៉ូរីវ បានផ្ដាច់ជីវិតទាហានអ៊ុយក្រែន៥០នាក់ និង១៥០នាក់ផ្សេងទៀតរងរបួស៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ ​TPO

 

 


ចែករំលែក៖