ខេត្តស្វាយរៀង៖ លោកស្រី ឯក សុវណ្ណភារៈ អភិបាលរងខេត្ត ជាតំណាងលោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងបានមានប្រសាសន៍ថា រៀងរាល់ឆ្នាំមានមនុស្សរាប់សែនរាប់លាននាក់ត្រូវបានបំផ្លាញដោយឧក្រិដ្ឋជនជួញដូរមនុស្សនៅគ្រប់ទីកន្លែងក្នុងពិភពលោក ។ លោកស្រីមានប្រសាសន៍បែបនេះគឺក្នុងឱកាសដែលលោកស្រីអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយអង្គសាសនាស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមប្រធានបទ “រួមគ្នាបញ្ឈប់ការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចលើគ្រប់រូបភាព” នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។
ក្នុងឱកាសនោះក៏មានព្រះវិសុទ្ធិញាណ មុំ សយ ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសង្ឈរាជ នៃព្រះរាជាណាចក្រកម្ពុជានិងលោកទីវសុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត លោកស្រីប្រធានអនុប្រធានមន្ទីរពាក់ព័ន្ធនៃក្រុមការងារទាំង៦ និងលោក លោកស្រីតំណាងអង្គការដៃគូជាច្រើនអង្គ/នាក់និមន្តនិងអញ្ជើញចូលរួមផងដែរ។
លោកស្រីបន្តថា នេះជាការបង្ហាញឱ្យឃើញពីការរួបរួមគ្នាក្នុងការកសាងសេចក្ដីសុខរមនារវាងសាសនា នឹង សាសនា។ ទន្ទឹមនេះក៏ដើម្បីបង្ហាញឱ្យឃើញពីតួនាទីយ៉ាងសំខាន់របស់ថ្នាក់ដឹកនាំសាសនាទាំងឡាយក្នុងការផ្សព្វផ្សាយអប់រំ និងផ្តល់ចំណេះដឹងដល់ប្រជាពលរដ្ឋអំពីសីលធម៌ក្នុងការរស់នៅជៀសវាងការរំលោភបំពាន ការកេងប្រវ័ញ្ចលើមនុស្សគ្រប់រូប ព្រមទាំងចូលរួម ទប់ស្កាត់និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ។
រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែង អស់ពីកម្លាំងកាយចិត្តធ្វើការអប់រំផ្សព្វផ្សាយដល់សិស្សនិស្សិត និងប្រជាពលរដ្ឋឱ្យបានយល់ដឹងអំពីកលល្បិចរបស់ជនល្មើសជួញដូរមនុស្ស និងផលប៉ះពាល់ក្នុងការធ្វើទេសន្តរប្រវេសន៍ដោយប្រថុយប្រថាន ដែលអាចកើតមានគ្រោះថ្នាក់ជាយថាហេតុ ។
ក្នុងនោះក្រសួងពាក់ព័ន្ធរួមជាមួយអាជ្ញាធរ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការផ្សព្វផ្សាយ ឱ្យបានដល់គ្រប់ស្រទាប់នៃយុវជន សិស្សនិស្សិត ប្រជាពលរដ្ឋនៅជនបទនិងតាមតំបន់ដែលមានសេវាកម្សាន្តឱ្យបានយល់ដឹងជ្រួតជ្រាប អំពីគ្រប់ល្បិចកល របស់ជនខិលខូចដែលឆ្លៀតឱកាសប្រើគ្រប់មធ្យោបាយដើម្បីអូសទាញប្រជា ពលរដ្ឋឱ្យធ្លាក់ចូលក្នុងអន្ទាក់គ្រោះថ្នាក់នៃអំពើជួញដូរមនុស្ស ។
លោកស្រីបន្តថា យើងទាំងអស់គ្នា បានដឹងច្បាស់ហើយថា អំពើជួញដូរមនុស្សជាប្រភេទឧក្រិដ្ឋកម្មឆ្លងដែនដែលប្រកបដោយគ្រោះថ្នាក់ចំពោះមនុស្សគ្រប់វ័យគ្រប់ភេទក្នុងសង្គម គ្រោះថ្នាក់ជាញឹកញាប់ត្រូវបានរកឃើញក្នុងចំណោមអ្នកធ្វើចំណាកស្រុក ឬទេសន្តរប្រវេសន៍ ដែលស្វែងរកការងារនិងប្រាក់ចំណូល ដែលនៅឆ្ងាយពីទីកន្លែងដែលខ្លួនរស់នៅ។
ជនល្មើសបានរកគ្រប់ល្បិចកលដ៏ស្មោកគ្រោក ពង្រាយបណ្តាញធ្វើសកម្មភាពកេងប្រវ័ញ្ចជនរងគ្រោះនៅគ្រប់ដំណាក់កាលទាំងដោយផ្ទាល់ និង ប្រយោលតាមរយៈបណ្តាញទំនាក់ទំនងអនឡាញ (Online) ឬតាមបច្ចេកវិទ្យាទំនើប ដែលប្រជាពលរដ្ឋ ជាពិសេសយុវវ័យ កុមារ និងមនុស្សពេញវ័យនិយមប្រើប្រាស់ គឺទូរស័ព្ទដៃ និងប្រព័ន្ធអុីនធើណេត ៕
ដោយ៖យឹម សុថាន