ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ថៅកែហាង​កោស​ជប់ ​និង​ម៉ាស្សាយីហោ” ៦៦៦”២នាក់​ ពាក់ព័ន្ធ​ករណី​បម្រើសេវា​ផ្លូវ​ភេទ​​

ចែករំលែក៖

​ភ្នំពេញ​៖ ​​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៩ ខែ មិថុនា ឆ្នាំ​២០២២​ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំង​បម្រើសេវាផ្លូវភេទ ដែលជ្រក​ក្រោម​ស្លា​កកោស​ជប់​និង​ម៉ាស្សា​យីហោ​”៦៦៦”ស្ថិត​នៅផ្ទះ​លេខ​០៧A ផ្លូវ ជាតិ​លេខ​៥ ក្នុង​ក្រុម​៣ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ ដោយ​ឃាត់ខ្លួន​ថៅកែ​២​នាក់​ប្តី​ប្រពន្ធ និង​នាំ​ខ្លួន ស្ត្រី​ម៉ាស្សា​ចំនួន​៣​នាក់​ទៅ​សាក​សួរ​​ក្នុង​នោះ​មានម្នាក់ជា​អ​នី​តិ​ជន​ផងដែរ។

ថៅកែ​ហាង​២​នាក់​ប្តី​ប្រពន្ធ ដែល​ត្រូវកម្លាំងជំនាញ​ឃាត់ខ្លួនមាន ​ឈ្មោះ​ ​ចូ​ច ជឿន អាយុ​២៩​ឆ្នាំ​ ជា​ប្តី និង​​ប្រពន្ធ​​ឈ្មោះ​ ហន សុភា​នី​ អាយុ​៤១​ឆ្នាំ​ អ្នក​ទាំង​២​នាក់​ស្នាក់​នៅផ្ទះ​ខាងលើ ។

ក្នុង​ប្រតិបត្តិការ​​នេះ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ សំបូរ មា​ណ្ណា​រិ​ទ្ធ​ អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​អគ្គស្នងការ​នគរបាល​ជាតិ​និង​មានការ​សម្របសម្រួល​ពី​លោក​ម៉ុ​ត ដា​រ៉ា ​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ព្រមទាំង​មានការ​ចូលរួម​សហ​ការណ៍​ពី​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​និង នគរបាល​មូលដ្ឋាន​ផង​ដែរ​។

​តាមប្រភពព័ត៍មានពីមន្រ្តីជំនាញ បាឱ្យដឹងថា ទីតាំង​បម្រើសេវាផ្លូវភេទ ដែលជ្រក​ក្រោម​ស្លា​កកោស​ជប់​និង​ម៉ាស្សា​យីហោ​”៦៦៦” នេះគឺបាន​បើក​ដំណើរការ​កោស​ជប់​ និង​ម៉ាស្សា​ហើយ​លួច​បម្រើ​សេ​វាផ្លូវភេទ ដោយ​មានការ​ស្រាវ​ជ្រាវ​ពី​កម្លាំង​នគរបាល​ជំនាញ​ ទទួលបាន​ព័ត៌មាន​ច្បាស់ការ​ក៏សុំ​គោល​ការ​ពី​ព្រះរាជអាជ្ញា​ចុះ​ឆែកឆេរ បង្ក្រាប​តែ​ម្តង ។

ប្រភពដដែលបន្តថា​ ទីតាំងផ្ទះនេះមាន បន្ទប់​ចំនួន ៤​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ឆែកឆេរ រក​ឃើញ​វត្ថុ​តាង មាន​ស្រោមអនាម័យ ប្រើ​រួច និង​មិន​ទាន់​ប្រើ​ជា​ច្រើន ។​ បន្ទាប់​ពី​បញ្ចប់​ការ​ឆែកឆេរ សម​ត្ថកិច្ច​បាន​ឃាត់ខ្លួន ថៅកែ​ហាង​២​នាក់​ប្តី​ប្រពន្ធ និង​នាំ​ខ្លួន ស្ត្រី​កោស​ជប់​បម្រើ​សេវាកម្ម​ផ្លូវភេទ​ចំនួន ៣​នាក់​និង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន បញ្ជូន​ទៅ​កាន់​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ដើម្បី​សាកសួរ​និង​ចាត់ការ​តាម​ច្បាប់​។​ 

ដោយឡែក ទីតាំងផ្ទះ​ខាងលើនេះ​ ​ត្រូវ​បានកម្លាំង​គ​ណៈកម្ម​ការ​ចម្រុះ​បិទ​បណ្តោះអាសន្ន​៕​

ដោយ​៖សហការី​


ចែករំលែក៖