ភ្នំពេញ ៖ ថ្ងៃនេះក្រុមហ៊ុន Google បានប្រកាសថា កម្មវិធី Switch to Android ដែលជាកម្មវិធីសម្រាប់ផ្ទេរទិន្នន័យពីទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS ទៅទូរសព្ទប្រភេទ Android អាចដំណើរការបានជាមួយនឹងទូរសព្ទស្មាតហ្វូន Android 12 ទាំងអស់ ដែលនេះមានន័យថា អ្នកប្រើប្រាស់ iPhone ឥឡូវនេះអាចទាញយកអត្ថប្រយោជន៍ពីមុខងារផ្ទេររបស់កម្មវិធី ដើម្បីប្តូរទៅទូរសព្ទណាមួយដែលគាំទ្រ Android 12។ មុននេះ កម្មវិធី Switch to Android សម្រាប់ iPhone ត្រូវបានកំណត់ចំពោះតែទូរសព្ទ Pixel ផ្ទាល់របស់ Google ប៉ុណ្ណោះ។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីអង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២២។
អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា លើកឡើងថា, អ្នកប្រើប្រាស់ iPhone ដែលទិញទូរសព្ទ Android អាចភ្ជាប់ iPhone របស់ពួកគេទៅទូរសព្ទថ្មីតាមរយៈ WiFi ឬតាមរយៈខ្សែ Lightning ទៅ USB-C។ ទិន្នន័យដែលរួមមាន កម្មវិធី រូបថត បញ្ជីឈ្មោះទំនាក់ទំនង និងសារ អាចត្រូវបានចម្លងដើម្បីឱ្យការផ្លាស់ប្តូរកាន់តែរលូន។
គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Apple ក៏មានកម្មវិធី Move to iOS ផ្ទាល់ខ្លួនសម្រាប់ទូរសព្ទ Android ដែលបានរចនាឡើងសម្រាប់ អ្នកប្រើប្រាស់ដែលចង់ប្ដូរពីទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android។ កម្មវិធីនេះអាចឱ្យអ្នកប្រើប្រាស់ ផ្ទេរសារ បញ្ជីឈ្មោះទំនាក់ទំនង ព្រឹត្តិការណ៍ប្រតិទិន រូបថត និងទិន្នន័យមួយចំនួនទៀត៕
ដោយ ៖ សិលា