ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្នាក់ស្វែងរកប្តីជាងបីខែមិនឃើញមកឈរយំលើស្ពានជ្រោយចង្វាផ្អើល​ដល់​ប្រជាពលរដ្ឋ​រាយការណ៍​ប្រាប់​សមត្ថកិច្ច

ចែករំលែក៖

   ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ទៅ​ស្រែកយំ​នៅ​លើ​ស្ពាន​ជ្រោយចង្វា ដោយ​ប្រកាស​រក​ស្វាមីដែល​រស់នៅ​ជាមួយ​គ្នា​ជាង​៣​ឆ្នាំ ស្រាប់តែ​សុខ​ៗ​ចាកចេញ​ទៅ​បាត់គ្មាន​ដំណឹង ហើយ​ក៏​ទាក់ទង​តាមទូរស័ព្ទមិន​បាន​ទៀត ធ្វើ​ឱ្យរូប​គាត់​ព្រួយបារម្ភ និង​ព្យាយាម​ដើរ​រក​ប្តី​គ្រប់​ទីកន្លែងអស់​រយៈពេល​ជិត​៣​ខែ​ទៅ​ហើយ ទើបដើរមក​លើ​ស្ពាន​ជ្រោយចង្វា​ឈរ​យំ ដង្ហោយរកប្តី ដែលហេតុការណ៍នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រាយការណ៍​ប្រាប់​សមត្ថកិច្ច ព្រោះតែ​ស្មាន​ថាស្ត្រី​រូប​នេះ​គិត​ខ្លី​ចង់​បញ្ចប់ជីវិត កាលពី​វេលាម៉ោង​៣​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២២ នៅ​លើ​ស្ពាន​ជ្រោយចង្វា ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

   បើ​តាមសម្តី​ស្ត្រីដែលស្វែងរកប្តីរូបនេះបានឱ្យដឹង​ថា គាត់​មានឈ្មោះ អម​រា ហៅ​ស្រី​ពៅ អាយុ​២៧​ឆ្នាំ ចំណែក​ប្តី​នាង​ដែលបាត់ខ្លួន​មានឈ្មោះ ឆោម ប៊ុ​ណ្ណា​រ៉ា អាយុ​៤០​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួលក្នុងសង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន។

    ស្រ្តីរូបនេះ​បន្ត​ថា រូប​គាត់និង​ប្តី​បាន​ស្រឡាញ់​គ្នា​អស់​រយៈពេល​ជាង​៣​ឆ្នាំទៅ​ហើយ និង​បាន​សែនព្រេន​ទទួល​ដឹង​ឮពី​ឪពុក​ម្តាយ​ទាំង​សងខាង​។ ក្រោយពី​ចាប់ដៃ​គ្នា​ជា​ប្តី​ប្រពន្ធ​មក គាត់​បាន​មក​ស្នាក់​នៅផ្ទះ​បងថ្លៃ​របស់​គាត់​នៅ​ម្តុំ​ស្តុ​ប​ណូ​គា ដោយបានរកស៊ីលក់ដូរហើយ​ក៏មិន​មាន​ទំនាស់​អ្វី​នឹងប្តីដែរ។  ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ គាត់​និង​ប្តី​បាន​ផ្លាស់​ប្ដូរ​ផ្ទះ​ទៅ​ស្នាក់​នៅ​បន្ទប់​ជួល​នៅ​ម្តុំ​ផ្សារ​ដើម​ថ្កូវ​វិញ ទើប​ប្តី​របស់​គាត់​បាន​ចាក​ចេញពី​គាត់បាត់​សូន្យឈឹង ដោយ​គ្មាន​ដំណឹង​អ្វី​ទាំងអស់ អស់​រយៈពេល​ជាង​៣​ខែ​មក​ហើយ​។ ចំណែក​លេខ​ទូរស័ព្ទ ហ្វេ​ស​ប៊ុ​ក និង​ប្រព័ន្ធ​ទំនាក់ទំនង​ផ្សេង​ៗ​ទៀត ប្តី​របស់​គាត់​ក៏​បាន​កាត់​ផ្ដាច់​មិន​ឱ្យគាត់​ទាក់ទង​បាន​ទេ​ ហើយ​នៅ​ពេល​ដែល​គាត់​ទំនាក់ទំនង​ទៅ​អ្នក​ផ្ទះ​ខាង​ណាក៏​គ្មាន​អ្នក​ណា​ប្រាប់​ពី​ដំណឹង​ប្តី​របស់​គាត់​ដែរ ដោយ​ពួក​គាត់​បាន​និយាយ​ថា «​រឿង​ប្តី​ប្រពន្ធ​ដោះស្រាយ​ខ្លួនឯង​ទៅ​»​។

   រយៈពេល​ជាង​៣​ខែ​មកនេះ គាត់​បាន​ដើរសួរ​ដំណឹង​ប្តី​ពី​អ្នក​ស្គាល់គ្នា ហើយ​ក៏​មាន​អ្នកខ្លះ​បាន​ប្រាប់​ថា ​ប្តី​របស់​គាត់​ត្រូវ​បាន​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​រឿង​ប្រើប្រាស់​គ្រឿង​ញៀ​​ន​​។ ប៉ុន្តែ​គាត់​មិន​ជឿ​សម្តី​គេ​ទេ ដោយ​គាត់​គិត​ថា ប្តី​របស់​គាត់គឺ​នៅ​ជិត​ៗ​គាត់ គ្រាន់តែ​គេចវេះមិន​ជួប​គាត់​តែ​ប៉ុណ្ណោះ ព្រោះ​ជឿ​សម្តី​គ្រួសារ​ចង់ឱ្យគេ​បែក​គ្នា​ទៅ​យក​អ្នក​ថ្មី​។

   ស្រ្តីរូបនេះ​បន្ត​ទៀត​ថា គាត់​គ្មាន​បំណង​មក​លោ​​ត​ទឹក​នោះ​ទេ គ្រាន់តែ​មក​រំសាយ​អារម្មណ៍ ព្រោះតែ​ស្មុគស្មាញ​គំនិត ដេក​រង់ចាំ​ដំណឹង​ប្តីតែ​ម្នាក់ឯង​។  គាត់​សូម​ប្រកាស​ឱ្យបុរស​ជា​ប្តី​មានឈ្មោះ ឆោម ប៊ុ​ណ្ណា​រ៉ា ចេញ​មុខ​មក​ដោះស្រាយ​ជាមួយ​គាត់ឱ្យដាច់​ស្រឡះ កុំ​ព្យា​យាម​គេចវេះបែប​នេះ​ទៀត ព្រោះ​គាត់ព្រម​លះបង់​អស់ហើយសូ​ម្បី​តែ​គ្រួសារ ដើម្បី​មក​រួមរស់​ជាមួយ​ប្តី បើ​ចង់​ចាកចេញគួរតែ​មក​ប្រាប់​គាត់មួយម៉ាត់ផង​៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖