ភ្នំពេញ៖ ដោយសារតែបាតុភូតគ្រោះធម្មជាតិនៅពេលដែលមានភ្លៀងធ្លាក់លាយឡំជាមួយនឹងខ្យល់កន្ត្រាក់ បានធ្វេីឱ្យការដ្ឋានឃ្លាំងមួយកន្លែងបាក់រលំប៉ើងខូចខាតអស់ទាំងស្រុង និងបាក់ស្លាកប៉ាណូ, សំយាបផ្ទះប្រជាពលរដ្ឋជាច្រើន បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញនេះ នៅចំណុចក្នុងការដ្ឋានសាងសង់ឃ្លាំងមួយកន្លែង ជិតភ្លើងស្តុបវត្តឫស្សីសាញ់ ផ្លូវព្រៃស ស្ថិតក្នុងភូមិប្រការ សង្កាត់ដង្កោ ខណ្ឌដង្កោ ។
យោងតាមសេចក្តីរាយការណ៍ពីបុរសជាកម្មករដែលធ្វើការនៅកន្លែងកើតហេតុ បានឱ្យដឹងថា ឃ្លាំងដែលរងការខូចខាតខាងលើនេះ មានទំហំ១០ម៉ែត្រគុណនឹង៥០ម៉ែត្រ ធ្វើអំពីដែកប្រក់ស័ង្កសី ហើយសាងសង់ទើបតែបានប្រមាណ៦០ភាគរយប៉ុណ្ណោះ។ ដោយមុនពេលកើតហេតុ ពួកគាត់រួមជាមួយនឹងកម្មករជាជាងផ្សេងៗទៀតកំពុងតែធ្វើការដូចសព្វដង លុះមកដល់ម៉ោងប្រហែលជា ៥ល្ងាចស្រាប់តែមានមេឃភ្លៀងលាយឡំជាមួយនឹងខ្យល់កន្ត្រាក់ដូចប្រមោយដំរី បានបោកកួចកន្ត្រាក់ធ្វើឱ្យឃ្លាំងទាំងមូលប៉ើងរលំបាក់ខូចខាតអស់ទាំងស្រុង ព្រមទាំងធ្វើឱ្យជាង២នាក់រងរបួសក្បាលបន្តិចបន្តួចទៀតផង តែមិនបានទៅមន្ទីរពេទ្យនោះទេ ។
ជាមួយគ្នានោះ ប្រជាពលរដ្ឋផ្សេងៗទៀតក៏ត្រូវខ្យល់កន្រ្តាក់បោកបំបាក់សំយាបផ្ទះរបស់ពួកគាត់ ព្រមទាំងផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មតូចៗ ក៏ដូចជាស្លាកយីហោតាមផ្ទះបងប្អូនប្រជាពលរដ្ឋមួយចំនួនទៀតក៏រងការខូចខាតផងដែរ។ ប៉ុន្តែសំណាងល្អមិនមានបងប្អូនប្រជាពលរដ្ឋណាម្នាក់រងរបួសនោះទេ។
ក្នុងហេតុការណ៍នោះដែរ អាជ្ញាធរមូលដ្ឋានបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមប្រុងប្រយ័ត្ន ចំពោះករណីគ្រោះធម្មជាតិនេះ នៅពេលដែលមានភ្លៀងធ្លាក់ខ្យល់ផ្គររន្ទះ សូមកុំនៅក្រោយដេីមឈេី ឬផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មឱ្យសោះព្រោះវាអាចមានគ្រោះថ្នាក់កេីតឡេីងជាយថាហេតុ៕
ដោយ៖អរុណរះ