ព័ត៌មានទាន់ហេតុការណ៍៖

សារមនី្ទរជាតិកម្ពុជា ដាក់តាំងផលិតផលសិប្បកម្មសិល្បៈតម្បាញស្លឹកត្នោត

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីបណ្តុះក្តីស្រឡាញ់ចំពោះផលិតផលពីត្នោត​ សារមន្ទីរជាតិកម្ពុជា បានសហការរៀបចំការដាក់តាំងផលិតផលនៃសិប្បកម្មសិល្បៈតម្បាញស្លឹកត្នោត ដែលមានរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២​ ក្រោមប្រធានបទអំពីស្លឹកត្នោត។

​បើតាមប្រធានការិយាល័យអប់រំ និងផ្សព្វផ្សាយ នៃនាយកដ្ឋានសារមនី្ទរ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ចាប សោភារ៉ា​ បានឱ្យដឹងថា កម្មវិធីតាំងពិព័រណ៍ស្នាដៃហត្ថកម្មរបស់សហគមន៍ប្រចាំខែមិថុនានេះ​ បានអនុញ្ញាតឲ្យសិស្សានុសិស្ស-និស្សិត សរុបចំនួន២៥០នាក់ មកពីវិទ្យាល័យព្រះស៊ីសុវត្ថិ អនុវិទ្យាល័យចតុមុខ សាកលវិទ្យាល័យភូមិន្ទវិចិត្រ និងសិល្បៈ សាលារៀនសុវណ្ណភូមិ និងសាលារៀនប៊ែលធីអន្តរជាតិ និង អាចចូលមើលការតាំងបង្ហាញ ស្ដាប់ការបកស្រាយរបស់អ្នកជំនាញ ជួបជាមួយអ្នកផលិតផ្ទាល់ ព្រមទាំងទទួលបានការអនុវត្តន៍ជាក់ស្ដែងទៀតផង។ ការចំណាយពេលចូលរួមស្តាប់ និងទស្សនាផ្ទាល់នៅសារមន្ទីរជាតិ ជាការបង្ហាញនូវទឹកចិត្តស្រលាញ់ថែរក្សាការពារមរតកបេតិកភណ្ឌអរូបី កម្រៗ ដែលបន្សល់ទុកដោយបុព្វបុរសខ្មែរយើង។

ទន្ទឹមគ្នានោះដែរសិស្សានុសិស្ស មកពីអនុវិទ្យាល័យចតុមុខ និងសាលារៀនសុវណ្ណភូមិ បានមកធ្វើទស្សនកិច្ចសិក្សា ស្វែងយល់ពីតម្លៃផលិតផលនៃសិប្បកម្មសិល្បៈតម្បាញស្លឹកត្នោត បានលើកឡើងស្រដៀងគ្នាថា កម្មវិធីរបស់សារមនី្ទរជាតិកម្ពុជា បានរៀបចំឡើងនេះ ពិតជាសំខាន់ណាស់ និងបានបង្ហាញពីវប្បធម៌ អរិយធម៌របស់ខ្មែរ។

សូមជម្រាបថា កម្មវិធីនេះរៀបចំដោយសារមន្ទីរជាតិកម្ពុជា សហការជាមួយអង្គការ Nomi Network Cambodia និងអង្គការ ភូមិសិប្បកម្ម (Villageworks ដោយមានការចូលរួមតាំងបង្ហាញពីសហគមន៍សិប្បកម្មស្ដ្រីខ្មែរ៕

ដោយ​៖សហការី​


ចែករំលែក៖