ភ្នំពេញ៖ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២២នេះ បន្ទាប់ពីអញ្ជើញជួបលោកបណ្ឌិត Takeshi kasai នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីក នៃអង្គការសុខភាពពិភពលោក (WHO) រួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតិឲ្យលោក Gotaro OGAWA អតីតឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចន្លោះពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៣ ចូលជួបសំដែងការគួរសម។
លោកGotaro OGAWA បានជំរាបជូនសម្តេចតេជោថា លោកពិតជាមានសេចក្តីរាករីយណាស់ ដែលបានអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជាសាជាថ្មីម្តងទៀត។ លោកបន្តថា កន្លងមកលោកធ្លាប់តែបានលឺថា រាល់ពេលមិត្តភក្តិមកដល់កម្ពុជា ពួកគេបានឃើញនូវភាពខុសប្លែង ភាពរីកចំរើន ការរីកដុះដាលនៃសំណង់អគារថ្មីៗ និងខ្ពស់ៗ ក្នុងប្រទេសកម្ពុជា ប៉ុន្តែនៅពេលនេះ លោកឃើញជាក់និងភ្នែក កម្ពុជាពិតជាមានការរីកចំរើន មានការអភិវឌ្ឍយ៉ាងខ្លាំង បើធៀបទៅនិងឆ្នាំ២០០៣ ក្នុងពេលដែលរូបលោកបញ្ចប់អាណត្តិបេសកកម្មការទូត និងចាកចេញពីកម្ពុជា។
ក្នុងជំនួបគ្នានោះលោកបានសំដែងនូវការអបអរសាទរ ជូនចំពោះសម្តេចតេជោ ចំពោះការអភិវឌ្ឍរីកចំរើនទាំងអស់នោះ ដែលជាលទ្ធផលនៃការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវរបស់សម្តេចតេជោ និងបានគោរពជំរាបជូនសម្តេចតេជោបន្ថែមថា បើទោះបីជាលោកបញ្ចប់បេសកកម្មការទូតនិងចាកចេញពី ប្រទេសកម្ពុជាក៏ពិតមែន ប៉ុន្តែបេះដូងរបស់លោកនៅតែស្ថិតនៅជាមួយកម្ពុជាជានិច្ច ជាអាទិ៍នៅពេលនេះលោកកំពុងតែចូលរួមចំណែកជួយដល់កម្ពុជា លើវិស័យទី១)ជួយដល់និស្សិត កម្ពុជាលើវិស័យអប់រំ តាមរយៈការបណ្តុះបណ្តាលផ្នែកភាសា ផ្នែកស្រាវជ្រាវ និងផ្នែកវប្បធម៌ ,ទី២)ផ្នែកច្បាប់ និងទី៣)លើវិស័យកីឡាយូដូ ដែលនឹងជួយកម្ពុជាសំរាប់ចូលរួមប្រកួតកីឡាស៊ីហ្គេម ក្នុងឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តី មាន ប្រសាសន៍ថ្លែងនូវអំណរគុណជូនចំពោះលោក Gotaro OGAWA ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការពង្រីកពង្រឹង ទំនាក់ទំនងនៃប្រទេសទាំងពីរផង និងការអភិវឌ្ឍប្រទេសកម្ពុជាផង ហើយនៅពេលនេះបន្តជួយដល់កម្ពុជា ជាពិសេសលើវិស័យបណ្តុះបណ្តាលធនធានមនុស្ស ដែលជាអាទិភាពរបស់កម្ពុជា។
ក្នុងជំនួបគ្នានោះផងដែរ សម្តេចតេជោបានស្នើសុំលោកGotaro OGAWA ជួយដល់កម្ពុជាលើវិស័យកីឡាយូដូ ដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ សំរាប់ប្រកួតកីឡាយូដូ ក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីហ្គេមខាងមុខ៕
ដោយ៖ សូរិយា