ខេត្តកណ្តាល៖ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ជនសង្ស័យម្នាក់ ដែលសមត្ថកិច្ច អះអាងថា ធ្លាប់ជាប់ ពន្ធនាគារ ៩ខែ ពាក់ព័ន្ធនឹងការប្រើហិង្សា បណ្តាលឱ្យមនុស្សស្លាប់ ឥឡូវ ត្រូវបានកម្លាំងនគរបាល ស្រុកពញាឮ ចាប់ខ្លួនសារជាថ្មី ក្រោយពីបានធ្វើសកម្មភាព លួចម៉ូតូកញ្ចាស់មួយគ្រឿងរបស់ជនរងគ្រោះ ។
ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ ១២ ថ្ងៃត្រង់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញនេះ នៅចំណុចទំនប់រាំងកោង ភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។
សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថាៈ ជនរងគ្រោះ មានឈ្មោះ ប៊ុត ឃ្លី ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។
រីឯជនសង្ស័យឈ្មោះ អេង ប៊ុនធឿន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ប្រាកដ មានទីលំនៅភូមិ-ឃុំ ជាមួយជនរងគ្រោះ ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យ ធ្លាប់ជាប់ពន្ធនាគារ រយៈពេល ៩ខែ ពីបទ «ហិង្សាដោយចេតនា បណ្តាលឱ្យ ជនរងគ្រោះស្លាប់» និងមានសារធាតុញៀន ក្នុងទឹកនោមផងដែរ ។ បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យ សមត្ថកិច្ច ដកហូតបានម៉ូតូមួយគ្រឿង ម៉ាក Honda Wave គុណភាពចាស់ គ្មានផ្លាកលេខ ។
សមត្ថកិច្ច បានឱ្យដឹងទៀតថាៈ នៅថ្ងៃខែឆ្នាំកើតហេតុ វេលាម៉ោងប្រមាណ ៦ ព្រឹក ជនរង គ្រោះ ប៊ុត ឃ្លី បានដើរចេញពីផ្ទះ ដើម្បីទៅកាត់ត្រកួន នៅចំណុច ចុងទំនប់រាំងកោង (ចំណុចកើតហេតុ) បន្ទាប់មក ឈ្មោះ ប៊ុត ពៅ ភេទប្រុស អាយុ ៣៥ឆ្នាំ ត្រូវជាកូនប្រុសបង្កើត របស់ជនរងគ្រោះ បានជិះម៉ូតូម៉ាក Honda wave គុណភាពចាស់ គ្មានផ្លាកលេខ មកជួយកាត់ ដើមត្រកួន ជាមួយជនរងគ្រោះដែរ ដោយទុកម៉ូតូ នៅចុងទំនប់រាំងកោង។
ខណៈ នៅវេលាម៉ោង កើតហេតុខាងលើ ខណៈជនរងគ្រោះ ប៊ុត ឃ្លី កំពុងកាត់ដើមត្រកួន ក៏បានឃើញជនសង្ស័យ អេង ប៊ុនធឿន ធ្វើសកម្មភាពលួចម៉ូតូរបស់ខ្លួន ហើយជិះគហើយបន្ទាប់មក ជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលព្រែកតាទែន ។
សមត្ថកិច្ច បានបញ្ជាក់ថាៈ ក្រោយពីទទួលបានពាក្យបណ្តឹងរួច កម្លាំងប៉ុស្តិ៍បាន សហការ ជាមួយកម្លាំងជំនាញ ចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ និងចាប់យកវត្ថុតាង ខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាល ស្រុកពញាឮ ដើម្បីចាត់ការ តាមនីតិវិធី ៕
ដោយ៖ អរុណរះ