ព័ត៌មានទាន់ហេតុការណ៍៖

ផ្អើលទាំងរសៀល ក្រោយពីចោរកាច់កម៉ូតូរបស់បុគ្គលិកអគ្គិសនីចតនៅមុខផ្ទះបានសម្រេច

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ម្ចាស់ម៉ូតូនិងអ្នកភូមិព្រមទាំងអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវខណ:ដែលមានចោរបានលួចកាច់កាច់កម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៩មួយគ្រឿងបានសម្រេច បន្ទាប់ពីទុកបញ្ឈរនៅមុខផ្ទះរបស់ខ្លួន។

   ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរសៀលថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

   សមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានឱ្យដឹងថា ម្ចាស់ម៉ូតូរងគ្រោះមានឈ្មោះ ប៉ូ វឌ្ឍនា  អាយុ៣៣ឆ្នាំ មុខរបរបុគ្កលិកអគ្គិសនី រស់នៅភូមិកើតហេតុខាងលើ ។ ចំណែកម៉ូតូដែលចោរកាច់កយកទៅបាត់នោះម៉ាកហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង ១O-៣១០៨ ផលិតឆ្នាំ២០១៩ ។

    បើតាមម្ចាស់ម៉ូតូរងគ្រោះបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុខ្លួនបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង ១O-៣១០៨ចេញពីធ្វើការនៅអគ្គិសនីកម្ពុជាខេត្តស្វាយរៀង ហើយក៏បានឈប់ចតបញ្ឈរទុកនៅមុខផ្ទះដោយចាក់សោ.កយ៉ាងត្រឹមត្រូវ។

លុះមួយសន្ទុះក្រោយមកខ្លួនក៏បានចេញពីក្នុងផ្ទះហើយក្រឡេកមើលម៉ូតូមិនឃើញទើបបង្កការភ្ញាក់ផ្អើលនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានតែម្តង។

   បច្ចុប្បន្នសមត្ថកិច្ចក្រុងស្វាយរៀងកំពុងស្រាវជ្រាវរកមុខសញ្ញាដើម្បីចាត់ការតាមច្បាប់ឱ្យខាងតែបាន៕

ដោយ៖យឹម សុថាន


ចែករំលែក៖