បណ្តាញព័ត៌មាន Kan របស់អុីស្រាអែល បានផ្សាយនៅថ្ងៃទី ១ខែកក្កដាថា រដ្ឋមន្ត្រីការបរទេសអុីស្រាអែល លោក Yair Lapid ទើបតែឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីអុីស្រាអែល ជំនួសលោក Naftali Bennet ។ ការឡើងកាន់តំណែងខាងលើគឺក្រោយមួយថ្ងៃដែលរដ្ឋសភាអុីស្រាអែលបានបោះឆ្នោតរំលាយរដ្ឋសភា បើកផ្លូវសម្រាប់ការបោះឆ្នោតថ្មី។
នៅថ្ងៃទី៣០ខែមិថុនា លោក Lapid និងលោក Bennet បានប្រារព្ធពិធីផ្ទេរអំណាចជាលក្ខណៈទ្រង់ទ្រាយតូចតែប៉ុណ្ណោះ ក្នុងការិយាល័យនាយករដ្ឋមន្ត្រី តាមកិច្ចព្រមព្រៀងចែករំលែកអំណាចរបស់គណបក្សកាន់អំណាចក្រោយការបោះឆ្នោតកាលពីឆ្នាំ២០២១។
ចាប់ពីថ្ងៃទី១ខែកក្កដា លោក Yair Lapid បានក្លាយជានាយករដ្ឋមន្ត្រីទី១៤ របស់អុីស្រាអែល ហើយលោកនឹងកាន់អំណាចរហូតដល់ការបោះឆ្នោតថ្មីដែលនឹងរៀបចំឡើងនៅថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០២២។
លោក Yair Lapid កាន់តំណែងរដ្ឋមន្ត្រីការបរទេសអុីស្រាអែល រយៈពេល១ឆ្នាំកន្លងមក ត្រូវបានជ្រើសរើសឱ្យកាន់តំណែងនាយករដ្ឋមន្ត្រីតាមកិច្ចព្រមព្រៀងចែករំលែកអំណាចរបស់គណបក្សចំនួន៨ក្នុងសម្ព័ន្ធមិត្តកាន់អំណាច។ លោក Yair Lapid ក៏បានកាន់តំណែងជាប្រធានគណបក្ស Yesh Atidផងដែរ៕
ដោយ៖ ធីរីណា(រូបថត ៖ Reuters)