ខេត្តសៀមរាប ៖ លោក សយ សុភារិន្ទ បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅរសៀលថ្ងៃ៣កើតខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០១ខែកក្កដា ឆ្នាំ២០២២ម្សិលមុិញនេះថា, អាជ្ញាធរជាតិអប្សរាគ្រោងនឹងបញ្ចប់ការជួសជុលព្រះពុទ្ធបដិមានៅរួតបាកាណប្រាសាទអង្គរវត្តក្នុងពេលឆាប់ៗខាងមុខនេះ។
លោក សយ សុភារិន្ទ ជាអ្នកដឹកនាំគម្រោងជួសជុលព្រះពុទ្ធបដិមាចំនួន៣អង្គ នៅជាន់បាកាណ បានឱ្យដឹងថា, បច្ចុប្បន្នការងារសម្រេចបានប្រមាណ៩០ភាគរយហើយ បន្ទាប់ពីចាប់ផ្តើមជួសជុលឡើងវិញនៅពាក់កណ្ដាលខែមករាឆ្នាំ២០២២ ដោយលោក សយ សុភារិន្ទបានរំលឹកថា, ក្នុងឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរាបានជួសជុលព្រះពុទ្ធបដិមា១អង្គ នៅទិសខាងត្បូង។ ហើយនៅឆ្នាំ២០២២នេះ ក៏បានជួសជុលព្រះពុទ្ធបដិមាចំនួន៣បន្ថែមទៀត នៅទិសខាងជើង ខាងលិច និងខាងកើត ព្រមទាំងព្រះពុទ្ធចូលនិព្វានចំនួន២អង្គ នៅទិសខាងកើត និងខាងជើង។ ហើយក្នុងនោះដែរក៏បានជួសជុលពង្រឹងចម្រឹងបង្អួច និងរចនាសម្ព័ន្ធមួយចំនួនទៀតនៅជុំវិញបដិមានោះផងដែរ។ ដោយលោកបានបញ្ជាក់ថា គម្រោងជួសជុលនេះ ទទួលបានការឧបត្ថម្ភថវិកាពីសប្បុរសជន។ ហើយគម្រោងជួសជុលនេះដែរ គ្រោងនឹងបញ្ចប់ឆាប់ៗខាងមុខនេះ ខណៈបច្ចុប្បន្នក្រុមការងារជួសជុលកំពុងលាបម្រ័ក្សណ៍លើរូប ដែលជាការងារចុងក្រោយ។
លោក សុភារិន្ទ បានរំឭកអំពីស្ថានភាពដើមឡើយនៃព្រះពុទ្ធបដិមា គឺមានស្ថានភាពខូចខាតច្រើន ដែលត្រូវជួសជុលនិងអភិរក្សជាបន្ទាន់។ លោក សុភារិន្ទ បានពន្យល់ថាលើរូបបដិមាមានស្នឹមខ្មៅ ក្តាំងធូលី ក្តាំងអំបិល កំណកអាចម៍ប្រចៀវ និងទឹកនោមប្រចៀវជាដើម ដែលដក់លើរូប។ ហើយការសម្អាតចែកជាពីរ គឺសម្អាតស្ងួតដោយយកធូលីដែលកកក្តាំងលើផ្ទៃព្រះកាយបដិមាចេញសិន ដោយប្រើជក់ស្តើងទន់ៗបោសចេញឱ្យបានស្អាត។ បន្ទាប់មកត្រូវសម្អាតសើម មុនដំបូងត្រូវយកទឹកមកសម្អាតសិន ដោយយកសំឡីរុំនឹងឈើតូចៗ ហើយជ្រលក់នឹងទឹកដែលគ្មានជាតិរ៉ែ មកជូតកន្លែងដែលស្នឹមខ្មៅ ក្តាំងធូលី ក្តាំងអំបិល កំណកអាចម៍ប្រចៀវ និងទឹកនោមប្រចៀវ ហើយវានឹងដាច់កំណកនោះមក ប៉ុន្តែពណ៌ដើមនៅរក្សាដដែល៕
ប្រភព ៖ ក្រសួងព័ត៌មាន