ព័ត៌មានទាន់ហេតុការណ៍៖

លោក គឹម សន្តិភាព ៖ សមាជិកបក្សប្រជាជនកម្ពុជានៅទីក្រុងដាវីន ប្រទេសអូស្ត្រាលីរៀបចំអបសាទរខួប៧១ នៃ កំណើតបក្ស

ចែករំលែក៖

ប្រទេសអូស្ត្រាលី៖ គណបក្សប្រជាជនប្រចាំទីក្រុងដាវីន ប្រទេសអូស្ត្រាលីរៀបចំអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២២) និងប្រកាសបញ្ចូលសមាជិកបក្សថ្មីជាច្រើនរូប ប្រគល់សេចក្តីសម្រេច និងចែកលិខិតសរសើរ ប័ណ្ណសសើរ ជូនសមាជិក សមាជិកា។ ពិធីនេះធ្វើឡើងថ្ងៃសុក្រ ទី១ ខែកក្កដា ម្សិលមុិញនេះដោយមានការដឹកនាំពី សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់លោក គឹម សន្ដិភាព។ 

ស្ថិតនៅក្នុងឱកាសនោះលោក គឹម សន្តិភាព បានលើកឡើងថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បាននាំយកនូវសុខសន្តិភាព ពេញលេញជូនមាតុភូមិកម្ពុជា បន្ទាប់ពីរំដោះប្រទេសឱ្យរួចផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម ជាពិសេសគឺបានស្រោចស្រង់វិស័យព្រះពុទ្ធសាសនាឱ្យរស់ឡើងវិញបន្ទាប់ពីត្រូវបានរបបដ៏ខ្មៅងងឹតនេះ ជាន់ឈ្លីអស់រយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។

លោកបានបន្ថែមថា ដោយសារកត្តាសុខសន្តិភាព ទើបធ្វើឱ្យមានការរីកចម្រើនទន្ទឹមគ្នា ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ។ 

គណបក្សប្រជាជនកម្ពុជាត្រូវបានបង្កើតឡើងនៅ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយអ្នកជាតិនិយមកម្ពុជាដើម្បីរំដោះជាតិកម្ពុជាពីអាណានិគមបារាំង។ គឺជាគណបក្សដែលចំណាស់ជាងគេនៅកម្ពុជា ហើយបានដឹកនាំការតស៊ូរំដោះប្រជាជនកម្ពុជាពីរបបខ្មែរក្រហមនៅ ឆ្នាំ១៩៧៩ និងបានដឹកនាំប្រទេសមកដល់បច្ចុប្បន្ន។

បច្ចុប្បន្នគណបក្សនេះដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន និងមានអនុប្រធាន ៤រូប គឺសម្ដេចក្រឡាហោម ស ខេង និងសម្ដេចវិបុលសេនា សាយ ឈុំ សម្ដេចពិជ័យសេនា ទៀ បាញ់ និងលោកស្រី ម៉ែន សំអន ហើយសម្ដេចពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយស។ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនមានចំនួន ៨៦៥នាក់៕ 

ដោយ ៖ សហការី


ចែករំលែក៖