ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ក្រោយទៅពិនិត្យមើលជំងឺនៅពេទ្យត្រឡប់មកវិញក៏សម្រេចចិត្តលោតទឹកលើស្ពានមេគង្គសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ បុរសម្នាក់បានមកលោតទឹកលើស្ពានមេគង្គ ចូលទៅក្នុងទឹកបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ កាលពីល្ងាចថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ត្រង់ចំណុចស្ពានមេគង្គ ក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ 

  សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលលោតទម្លាក់ចូលក្នុងទឹកពីលើស្ពានមេគង្គ ឈ្មោះ គន់ អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្បែរខារ៉ាអូខេវិមានមាស ស្ថិតនៅក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

   ស្ត្រីដែលជាប្រពន្ធបុរសលោតទឹកបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ពីរនាក់ប្ដីប្រពន្ធនាំគ្នាទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ហើយពេទ្យប្រាប់ថា ប្ដីរបស់នាងមានជំងឺគ្រោះតំរងនោម បើព្យាបាលនឹងត្រូវចំណាយប្រាក់អស់ប្រហែល ៨០ម៉ឺនរៀល។

បន្ទាប់ពីចេញពីមន្ទីរពេទ្យវិញ ក៏នាំគ្នាជិះម៉ូតូឈប់លេងនៅលើស្ពានមេគង្គ។ ពេលកំពុងឈរក៏ស្រាប់តែប្ដីរបស់នាង លោតពីលើបង្កាន់ដៃស្ពាន ចូលទៅក្នុងទឹកទន្លេមេគង្គតែម្តង។

ភ្លាមនោះប្រជាការពារនៅសង្កាត់ព្រះបាទបានចេញទូកទៅស្វែងរកដែរ ប៉ុន្តែរកពុំឃើញ ដោយបុរសនោះលិចបាត់ទៅក្នុងទឹកទន្លេ។

សូមបញ្ជាក់ថា មកទល់នឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២នេះ បុរសដែលបានលោតទឹកសម្លាប់ខ្លួននោះ ក្រុមគ្រួសារសាច់ញាតិនិងសមត្ថកិច្ចនៅមិនទាន់រកឃើញនៅឡើយទេ៕

ដោយ៖ សូរិយា


ចែករំលែក៖