ខេត្តមណ្ឌលគិរី ៖ ស្ត្រីជនជាតិបារាំងម្នាក់បានស្លាប់ដោយសារមានជំងឺហឺត និងប្រើប្រាស់ថ្នាំហឺតជាយូរឆ្នាំព្រមទាំងផឹកស្រា ជក់បារីជាប្រចាំផង។
ការស្លាប់ស្ត្រីជនជាតិបារាំងនោះនៅវេលាល្ងាចថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២នៅចំណុច ភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
សមត្ថកិច្ចបានឱ្យដឹងថាជនជាតិបារាំងនោះឈ្មោះ ALIANCHE Iris អាយុ៤៦ឆ្នាំមុខរបរគ្រូបង្រៀនតាមអនឡាញ កាន់លិខិតឆ្លងដែនលេខ20ED17815 ស្នាក់នៅបណ្ដោះអាសន្នភូមិសង្កាត់កើតហេតុខាងលើ។
ក្រោយទទួលបានព័ត៌មានភ្លាមកម្លាំងជំនាញការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ និង ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យបង្អែក សែនមនោរម្យ ព្រមទាំងមានការដឹកនាំសម្របសម្រួលពីលោក មាស វឌ្ឍនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរីផងដែរបានចុះទៅពិនិត្យជាក់ស្តែង។
ក្រោយពិនិត្យវិភាគសាកសពយ៉ាងយកចិត្តទុកដាក់ពីសមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យ បានសន្និដ្ឋានថាសាកសពជនរងគ្រោះ បានស្លាប់ដោយសារ ជំងឺប្រចាំកាយ (ជំងឺហឺត)ពិតប្រាកដមែន។
បើយោងតាមការបំភ្លឺពីម្ដាយនៃសពខាងលើ បានបញ្ជាក់ថា កូនស្រីរបស់គាត់មានជំងឺហឺត និងប្រើប្រាស់ថ្នាំហឺតជាយូរឆ្នាំណាស់មកហើយ ហើយផឹកស្រា ជក់បារីជាប្រចាំផងដែរ។
ក្រោយពិនិត្យចប់កម្លាំងបានប្រគល់សាកសពឱ្យក្រុមគ្រួសារទទួលយកទៅតម្កល់ទុកចាត់ចែងតាមប្រពៃណីបារាំង៕
ដោយ ៖ ជីវ័ន្ត