ខេត្តបាត់ដំបង៖ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត បាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងលោកស្រីជាភរិយា ព្រមទាំងសហការី នៅព្រឹកថ្ងៃចន្ទទី៤ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហម កម្ពុជាខេត្តបាត់ដំបង ផ្តល់ជូនដល់ចាស់ជរា ជនពិការ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៥០១គ្រួសារ ដែលរស់នៅភូមិចំនួន៦ ក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីលោកឧកញ៉ា លោក លោកស្រី គណៈកិត្តិយសគណៈកម្មាធិការ សាខា អនុសាខា សប្បុរសជន អាជីវករ ដែលពិធីសួរសុខទុក្ខ និងចែកអំណោយនេះប្រព្រឹត្តទៅនៅក្នុងបរិវេណផ្សារទំនើបភួពុយក្រុងបាត់ដំបង ។
ក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខនេះដែរ លោក សុខ លូ អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបានសម្តែងនូវក្តីសប្បាយរីករាយ និងនាំយកប្រសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលបានផ្តាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតស្រឡាញ់ ហើយសម្ដេចក៏តែងតែធ្វើការគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសផ្ញើនូវក្តីនឹករលឹកចំពោះលោកយាយលោកតា បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ដែលជានិច្ចកាល សម្តេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែគិតគូរជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសជនរងគ្រោះនិងងាយរងគ្រោះគ្រប់ប្រភេទដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោលទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ។
លោក សុខ លូ បានលើកឡើងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែផ្តល់អនុសាសន៍ឱ្យមន្ត្រីក្រោមឱវាទត្រូវឧស្សាហ៍ចុះពិនិត្យស្ថានភាពជាក់ស្តែងពីជីវភាពរស់នៅរបស់ប្រជាព លរដ្ឋងាយរងគ្រោះបំផុត ដែលជាមុខសញ្ញាអាទិភាពរបស់កាកបាទក្រហមកម្ពុជា ដើម្បីដោះស្រាយជួយសម្រាល ការលំបាកជូនពលរដ្ឋដែលត្រូវការឱ្យជួយជាចាំបាច់ទាំងនោះ ដោយមិនទុកនរណាម្នាក់ចោលឡើយ។
លោកប្រធានគណៈកម្មាធិការសាខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋានដែលបានបរិច្ចាគធនធានថវិកាប្រកបដោយទឹកចិត្តជ្រះថ្លាជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៨ឧសភា និងក្នុងឱកាសផ្សេងៗជាបន្តបន្ទាប់ ដើម្បីឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្ត អាចចុះបំពេញប្រតិបត្តិការមនុស្សធម៌បានដូចនាពេលនេះ។ លោកបានបន្តទៀតថា ការនាំយកអំណោយចែកជូននាពេលនេះ គឺមិនមានការប្រកាន់និន្នាការនយោបាយណាមួយឡើយ ឱ្យតែជាជនងាយរងគ្រោះ ដែលត្រូវការជំនួយនោះសាខាកាកបាទ ក្រហមកម្ពុជានឹងធ្វើការចែកជូនគាត់ ដើម្បីដោះស្រាយជីវភាពបានមួយរយៈពេលខ្លីផងដែរ។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ បន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងនោះចូលរួមចាក់វ៉ាក់សាំងដូសទី៣ ឬដូសទី៤ឬទី៥ឱ្យបានគ្រប់ៗគ្នា ព្រោះថាប្រសិទ្ធភាពនៃវ៉ាក់សាំងអាចការពារអាយុ ជីវិតរបស់យើងបាន ហើយបានធ្វើឱ្យយើងអាចទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងអាចបើកឱកាសឱ្យយើងស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ហើយបើសិនជាបានចាក់រួចរាល់បន្ទាប់ពី ៤ខែឡើងត្រូវបន្តចាក់ដូសជំរុញបន្តទៀត ដោយក្នុងនោះរាជរដ្ឋាភិបាលបានធ្វើការរៀបចំវ៉ាក់សាំងទុករួចជាស្រេចក្នុងការចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃឡើយ ។
លោកអភិបាលខេត្ត ក៏បានគូសបញ្ជាក់ពី វិនាសកម្មនៃសង្គ្រាមដែលធ្វើឱ្យបាត់បង់អ្វីៗគ្រប់បែបយ៉ាង ហេតុដូចនេះយើងទាំងអស់គ្នាត្រូវចូលរួមពង្រឹងថែរក្សា និងការពារសុខសន្តិភាពនៅក្នុងប្រទេសយើ ងដើម្បីការអភិវឌ្ឍបន្តទៅមុខទៀត។ ទន្ទឹមនឹងការអភិវឌ្ឍផ្លូវថ្នល់បានស្អាតល្អស្ទើរគ្រប់ទីកន្លែងហើយនោះ លោក ក៏បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ត្រូវមានស្មារតីប្រុងប្រយ័ត្នគិតគូរពីសុវត្ថិភាពចរាចរណ៍គ្រប់ពេលវេលា ហើយក៏សូមចូលរួមអនុវត្តភូមិឃុំមានសុវត្ថិភាពជៀសវាងគ្រឿងញៀន គ្រឿងស្រវឹង អំពើហិង្សា និងចេះស្រឡាញ់ សាមគ្គីគ្នាជួយយកអាសាគ្នាទៅវិញទៅមក ដើម្បីភាពសុខដុមរមនាក្នុងក្រុមគ្រួសារ ជាតិសាសន៍ ជំនឿសាសនាក្រោមម្លប់នៃសន្តិភាព។
បន្ទាប់ពីអញ្ជើញសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋនៅបរិវេណផ្សារទំនើបភួពុយរួចហើយ លោក និងលោកស្រីជាភរិយា ព្រមទាំងសប្បុរសជនក៏បានបន្តអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងទៅចែកជូនប្រជាពលរដ្ឋចំនួន០៥គ្រួសារនៅតាមខ្នងផ្ទះប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវរថភ្លើងស្ថិតក្នុងសង្កាត់អូរចារផងដែរ ។
សូមបញ្ជាក់ថា អំណោយដែលកាកបាទក្រហមកម្ពុជាត្រូវបានផ្តល់ជូនដល់គ្រួសារនីមួយៗនូវ ៖ អង្ករ ២០គីឡូក្រាម, មី១កេស, ទឹកបរិសុទ្ធវីឃែរ១កេស,ទឹកត្រី១យួរ,ទឹកស៊ីអុីវ១យួរ៕
ដោយ៖សហការី