ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលតែងបានខិតខំកសាងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលបានផ្តល់ជាផលលាភជូនប្រជាជននៅទូទាំងប្រទេសបានប្រើប្រាស់

ចែករំលែក៖

ភ្នំពេញ ៖ លោក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក   តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ក្នុងពិធីបញ្ចុះបឋមសិលា និងបុណ្យផ្កាសាមគ្គីកសាងអគារសិក្សាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ (ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២)បានមានប្រសាសន៍សំខាន់ៗលើកឡើងពី រាជរដ្ឋាភិបាលតែងបានខិតខំកសាងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលបានផ្តល់ជាផលលាភជូនប្រជាជននៅទូទាំងប្រទេសបានប្រើប្រាស់។ 

លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏ សូមសម្តែងនូវមោទនភាពចំពោះការរីកចម្រើនជាលំដាប់របស់ “ពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា” ដែលបានចាប់ផ្តើមបើកដំណើរការនាខែធ្នូឆ្នាំ២០០៤ ជាពុទ្ធិកមហាវិទ្យាល័យ ហើយបានវិវឌ្ឍជាពុទ្ធិកសាកលវិទ្យាល័យ នាខែកក្កដា ឆ្នាំ២០០៧ ដោយបានចូលរួមក្នុងការបណ្តុះបណ្តាលធនធានសមណនិស្សិត និងនិស្សិត ទាំងកម្រិតឧត្តមសិក្សា និងក្រោយឧត្តមសិក្សាជាច្រើនម៉ឺនអង្គ/នាក់ឱ្យក្លាយជាបណ្ឌិតបញ្ញាវ័ន្ត ដែលជាមូលធនមនុស្សដ៏ចាំបាច់សម្រាប់ដំណើរការកសាងអភិវឌ្ឍសង្គមជាតិ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ និងសូមចូលរួមអបអរសាទរ និងអនុមោទនាត្រេកអរចំពោះការបញ្ចុះបឋមសិលាអគារសិក្សាថ្មី ១ ខ្នងទៀត ដែលមានកម្ពស់ ៩ ជាន់ ស្មើនឹង ៤៥ បន្ទប់ បន្ថែមទៀត ដើម្បីបំពេញឱ្យតម្រូវការការងាររបស់ពុទ្ធិកសាកលវិទ្យាល័យ និងកំណើនរបស់សមណនិស្សិត និងនិសិ្សត។ ពិតណាស់ សមិទ្ធផលកើតមាននៅថ្ងៃនេះគ្រាន់តែជាយន្តការថ្នាលនៃដំណើរការតែប៉ុណ្ណោះ ប៉ុន្តែផ្លែផ្កាចុងក្រោយ នឹងរីកធំធាត់ដោយផ្តល់ជាផល និងផ្លែផ្កានៅក្នុងសង្គម។ ជាមួយគ្នានេះ ក៏សូមអបអរសាទរដល់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលកាលពីចុងខែមិថុនា កន្លងទៅថ្មីៗនេះ បានទទួលជោគជ័យក្នុងការចុះបញ្ចីជាសមាជិកសមាគមសាកលវិទ្យាល័យអន្តរជាតិ (International Association of Universities)។

លោកបណ្ឌិតថ្លែងថា, ព្រះពុទ្ធសាសនាមានតួនាទីសំខាន់ណាស់សម្រាប់ការកសាងសង្គមខ្មែរ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។ ក្នុងរយៈកាលកន្លងមកនេះ រាជរដ្ឋាភិបាលតែងបានខិតខំកសាងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលបានផ្តល់ជាផលលាភជូនប្រជាជននៅទូទាំងប្រទេសបានប្រើប្រាស់។ ក្នុងនោះ ការរីកចម្រើននៃពុទ្ធិកសាកលវិទ្យាល័យ គឺជាផ្នែកមួយនៃការផ្តល់ឱកាសដល់កូនចៅប្រជាពលរដ្ឋក្នុងការទទួលបានចំណេះដឹង ដើម្បីក្លាយជាធនធានមនុស្សពោរពេញដោយសមត្ថភាព និងផលិតភាពខ្ពស់ សម្រាប់ទីផ្សារការងារដ៏សម្បូរបែប ស្របពេលដែលកម្ពុជាកំពុងខិតខំពង្រឹង និងពង្រីកសក្តានុពលសេដ្ឋកិច្ចរបស់ខ្លួនឈានឆ្ពោះទៅរកសេដ្ឋកិច្ចបែបឧស្សាហកម្ម និងបច្ចេកវិទ្យា ដែលមានតម្រូវការខ្ពស់នូវធនធានមនុស្សជំនាញបច្ចេកទេស។ សាសនាទាំងអស់ គឺអប់រំមនុស្សឱ្យរស់នៅប្រកដោយធម៌ និងផ្តល់នូវពុទ្ធិបញ្ញាញាណ ដោយបែងចែករវាងអំពើអាក្រក់ និងអំពើល្អ ដើម្បីចៀសវាងការប្រើប្រាស់ចំណេះដឹង និងជំនាញក្នុងផ្លូវខុស ដែលអាចប្រែក្លាយទៅជាការបំផ្លិចបំផ្លាញទៅវិញ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា,  ការពង្រឹងផ្នែកពុទ្ធចក្រ មិនមែនពង្រឹងតែខាងសាសនានោះទេ ប៉ុន្តែជាការពង្រឹង និងបណ្តុះបណ្តាលធនធានមនុស្សដែលមានសមត្ថភាពប្រកបដោយសីលធម៌ និងគុណធម៌។ ព្រះពុទ្ធសាសនា គឺជាមូលដ្ឋានក្នុងការអប់រំផ្នត់គំនិតឱ្យមនុស្សប្រព្រឹត្តនូវអំពើជាកុសល ហើយអ្វីដែលសំខាន់ផងដែរនោះ គឺការយកចិត្តទុកដាក់លើការពង្រឹងឆន្ទៈ គុណធម៌ សីលធម៌ ស្មារតីគោរពច្បាប់ ព្រមទាំងការយល់ដឹងអំពីវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ជាតិឱ្យដល់កុលបុត្រ កុលធីតាជាសិស្ស-និស្សិត ដើម្បីឱ្យពួកគេក្លាយជាមិត្តល្អ កូនល្អ និងពលរដ្ឋល្អសម្រាប់សង្គមជាតិ ជាពិសេសក្នុងបរិការណ៍នៃការរីកចម្រើនជឿនលឿនផ្នែកបច្ចេកវិទ្យា ដូចពេលបច្ចុប្បន្ន ដែលទន្ទឹមនឹងការផ្តល់នូវចំណុចវិជ្ជមានជាច្រើន ប៉ុន្តែក៏បាននាំមកនូវចំណុចអវិជ្ជមានមួយចំនួនផងដែរ ដូចជា បញ្ហាព័ត៌មានមិនពិត និងអំពើល្មើសផ្សេងៗក្នុងបណ្តាញអ៊ីនធើណេតជាដើម។

លោកបណ្ឌិតបន្តថា, ជីវីតគឺជាទ្រព្យដ៏មានតម្លៃបំផុតសម្រាប់មនុស្សគ្រប់រូប។ ដូច្នេះ ការការពារអាយុជីវិតប្រជាពលរដ្ឋជាអាទិភាពពិសេសសំខាន់ចាំបាច់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩ រយៈពេលជាង ០២ ឆ្នាំកន្លងមកនេះ។ ទោះបីមានបញ្ហាប្រឈមជាំច្រើន ក៏រាជរដ្ឋាភិបាលបានខិតខំតស៊ូយកឈ្នះគ្រោះវិបត្តិនេះរហូតជោគជ័យគួរជាទីមោទនៈ តាមរយៈការស្រោចស្រពវ៉ាក់សាំងនៅប្រទេស ព្រមជាមួយនឹងការរៀបចំទីតាំងព្យាបាលរបស់រដ្ឋនៅទូទាំងប្រទេស។ ការគ្រប់គ្រងស្ថានការណ៍ប្រកបដោយជោគជ័យនេះ ក៏មិនអាចខ្វះបានពីការចូលរួមរបស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងកងទ័ពអាវស ព្រមជាមួយនឹងការចូលរួមដោយប្រកបដោយជំនឿជឿជាក់របស់ប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងការអនុវត្តនូវរាល់ការណែនាំរបស់រាជរដ្ឋាភិបាលដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ។

សូមអំពាវនាវដល់ប្រជាពលរដ្ឋបន្តការចូលរួមក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសជម្រុញទី៣ ទី៤ និងទី៥ឱ្យបានគ្រប់គ្នា ដើម្បីបន្តភាពស៊ាំសហគមន៍ឱ្យកាន់តែរឹងម៉ាំប្រកបដោយចីរភាព និងនិរន្តរភាព ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖