ព័ត៌មានទាន់ហេតុការណ៍៖

សិង្ហបុរីចាប់ខ្លួនបុគ្គលដែលគំរាមកំហែងសម្លាប់លោក លី ស៊ាងឡុង

ចែករំលែក៖

កម្លាំងប៉ូលិសសិង្ហបុរី បានចាប់ខ្លួនមនុស្សអាយុ៤៥ឆ្នាំម្នាក់ដែលមានសកម្មភាពជំរុញឱ្យមានអំពើហិង្សាទៅលើនាយករដ្ឋមន្ត្រីលី ស៊ាងឡុង ។
កម្លាំងប៉ូលិសសិង្ហបុរីបានឱ្យដឹងថា ទទួលបានព័ត៌មាននៅវេលាម៉ោង១៥ថ្ងៃទី៨ខែកក្កដា ស្តីពីការលើកឡើងជំរុញឱ្យមានអំពើហិង្សាទៅលើនាយករដ្ឋមន្ត្រីលី ស៊ាងឡុង នៅក្នុងការបញ្ចេញមតិលើបណ្តាញសង្គមហ្វេសបុ៊ករបស់សារព័ត៌មាន Channel News Asia ក្រោយការធ្វើឃាតអតីតនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ។
ក្រោយការស្រាវជ្រាវ កម្លាំងប៉ូលិសបានរកឃើញអត្តសញ្ញាណអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដែលបញ្ចេញមតិអំពាវនាវឱ្យប្រើហិង្សាទៅលើនាយករដ្ឋមន្ត្រី លីស៊ាងឡុង ។ ក្រោយរយៈពេល ៥ម៉ោង កម្លាំងប៉ូលិសបានចាប់ខ្លួនបុរសខាងលើ ហើយរឹបអូសកុំព្យូទ័រ និងទូរស័ព្ទដៃ៤គ្រឿង។
តាមច្បាប់សិង្ហបុរី ករណីកាត់ទោសពីបទផ្សព្វផ្សាយខ្លឹមសារញុះញង់បង្កហិង្សានៅលើបណ្តាញសង្គមអុីនធើណេតអាចជាប់គុក៥ឆ្នាំ ឬរងការពិន័យ ។
ហេតុការណ៍ខាងលើកើតឡើងក្នុងពេលដែលជប៉ុននិងពិភពលោកទាំងមូលរន្ធត់ចិត្តដោយការធ្វើឃាតអតីតនាយករដ្ឋមន្ត្រីដែលមានប្រជាប្រិយភាពបំផុត គឺលោក ស៊ីនហ្សូ អាបេពេលចូលរួមឃោសនាបោះឆ្នោតនៅក្នុងទីក្រុង ណារ៉ា កាលពីថ្ងៃទី ៨ខែកក្កដា៕ ដោយ៖ ធីរីណា

រូប​ថត​ ៖​ កម្លាំងប៉ូលិសសិង្ហបុរី


ចែករំលែក៖