ប្រធានរដ្ឋសភាស្រីលង្កា លោក Mahinda Abeywardana បានប្រកាសថា ប្រធានាធិបតី Gotabaya Rajapaksa បានយល់ព្រមចុះចេញពីតំណែងនៅសប្តាហ៍ក្រោយនេះ។ ប្រធានាធិបតីបានសម្រេចលាលែងចេញពីតំណែងដើម្បីដំណើរការផ្ទេរអំណាចប្រកបដោយសន្តិភាព ។
នៅព្រឹកថ្ងៃទី១០ខែកក្កដានេះដែរ អាមេរិកបានជំរុញថ្នាក់ដឹកនាំប្រទេសស្រីលង្កាត្រូវតែធ្វើសកម្មភាពដើម្បីដោះស្រាយវិបត្តិក្រោយប្រធានាធិបតី Gotabaya Rajapaksa លាលែងចេញពីតំណែង។
ការលាលែងចេញពីតំណែងក្រោយពីមានសកម្មភាពតវ៉ាដ៏កក្រើក ដោយក្រុមបាតុករបាននាំគ្នាចូលលុកលុយវិមានប្រធានាធិបតី ហើយថែមទាំងបានដុតបំផ្លាញគេហដ្ឋានរបស់នាយករដ្ឋមន្រ្តី នៅក្នុងរដ្ឋធានីកូឡុំបូទៀតផង។
តាមការលើកឡើងរបស់ប្រធានរដ្ឋសភាស្រីលង្កាលោក Mahinda Yapa Abeywardena បានបញ្ជាក់ថា លោក Gotabaya Rajapaksa បានប្រាប់ថា លោកនឹងចុះចេញពីតំណែងជាប្រធានាធិបតីនៅថ្ងៃពុធសប្តាហ៍ក្រោយនេះ ហើយលោកក៏អំពាវនាវឱ្យប្រជាជនគោរពច្បាប់ និងរក្សាសន្តិភាពផងដែរ។ នៅថ្ងៃសៅរ៍ដដែល នាយករដ្ឋមន្រ្តីស្រីលង្កា លោក រ៉ានីល វីគរ៉េម៉េស៉ីងហេ(Ranil Wickremesinghe) ក៏បានប្រកាសថា លោកនឹងចុះចេញពីតំណែងដូចគ្នា។
ដោយឡែក ពេលដែលវិមានប្រធានាធិបតី ត្រូវបានក្រុមបាតុករសម្រុកចូលលុកលុយ ហើយគេហដ្ឋានរបស់លោកនាយករដ្ឋមន្រ្តី បានរងការដុតបំផ្លាញក្នុងហេតុការណ៍កាលពីថ្ងៃសៅរ៍នោះ គឺលោក Rajapaksa និងលោកWickremesinghe មិនមានវត្តមាននៅទីនោះឡើយ ដោយមេដឹកនាំទាំងពីរបានជម្លៀសខ្លួនទៅកាន់កន្លែងសុវត្ថិភាព រួចជាមុនទៅហើយ។
បាតុកម្មប្រឆាំងរដ្ឋាភិបាលបានកើតមានឡើងជាច្រើនខែមកហើយនៅស្រីលង្កា ដោយសារតែវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុតដែលបានមើលឃើញប្រទេសដីកោះមានប្រជាជន២២លាននាក់នេះ ទទួលរងគ្រោះនូវបញ្ហាអតិផរណាកម្រិតខ្ពស់ខ្លាំង ហើយមិនមានសមត្ថភាពក្នុងការនាំចូលទំនិញមូលដ្ឋាន ដូចជាស្បៀងអាហារ ប្រេងឥន្ធនៈ និងឱសថជាដើម៕ ដោយ៖ ធីរីណា
រូបថត ៖ Baogiaothong.vn