ក្នុងពេលដែលប្រទេសជប៉ុននៅមិនទាន់អស់រន្ធត់តក់ស្លុតពីការធ្វើឃាតអតីតនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ នៅព្រឹកថ្ងៃទី ១០ខែកក្កដា ពលរដ្ឋជប៉ុននាំគ្នាទៅបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ។
អតីតនាយករដ្ឋមន្ត្រី អាបេ រងការបាញ់សម្លាប់នៅថ្ងៃទី៨ខែកក្កដា ក្នុងពេលលោកកំពុងថ្លែងសុន្ទរកថា ឃោសនាបោះឆ្នោត។ ហេតុការណ៍ខាងលើបានបង្កឱ្យប្រទេសទាំងមូលតក់ស្លុតយ៉ាងខ្លាំង អាចនឹងបង្កឱ្យប៉ះពាល់ដល់សតិអារម្មណ៍ម្ចាស់ឆ្នោត។ ប៉ុន្តែមិនដឹងថា ប៉ះពាល់ដល់លទ្ធផលបោះឆ្នោតឬយ៉ាងណានោះឡើយ ។
សារព័ត៌មាន Aljazeera នៅថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០២២ បានផ្សាយថា ដំណើរការបោះឆ្នោតព្រឹទ្ធសភានៅឯប្រទេសជប៉ុន បានចាប់ផ្តើមប្រព្រឹត្តទៅនាថ្ងៃអាទិត្យនេះ នៅក្រោមស្រមោលនៃករណីឃាតកម្មលើអតីតនាយករដ្ឋមន្រ្តី លោក Abe Shinzo។
ការបោះឆ្នោតខាងលើសម្រាប់ប្រកួតប្រជែងយកអាសនៈ នៅសភាជាន់ខ្ពស់ជប៉ុន គឺជាទូទៅត្រូវបានចាត់ទុកថា ជាការស្ទាបស្ទង់មួយទៅលើរដ្ឋាភិបាលជប៉ុនដែលកំពុងកាន់អំណាច ហើយការព្យាករចុងក្រោយបំផុតបានបង្ហាញថា គណបក្សកាន់អំណាច LDP នឹងទំនងជាទទួលបានអាសនៈច្រើនជាងមុន។ ការបោះឆ្នោតបានចាប់ផ្តើមនៅវេលាម៉ោង៧ព្រឹក (ម៉ោងក្នុងទីក្រុងតូក្យូ) ហើយនឹងបិទបញ្ចប់ទៅវិញនៅម៉ោង៨យប់ ខណៈដែលលទ្ធផលនឹងត្រូវប្រកាសឱ្យដឹងនៅយប់ថ្ងៃអាទិត្យនេះតែម្តង។
កាលពីថ្ងៃសុក្រសប្តាហ៍នេះ លោក អាបេ ស៉ីនហ្សូ ដែលនៅបន្តជាបុគ្គលដ៏មានឥទ្ធិពលមួយរូបក្នុងគណបក្ស LDP ក្រោយលាលែងពីតំណែងនាយករដ្ឋមន្រ្តី កាលពីឆ្នាំ២០២០ ត្រូវបានជនសង្ស័យជាឃាតកបាញ់សម្លាញ់ពេលដែលលោកកំពុងឈរថ្លែងសុន្ទរកថា ដើម្បីគាំទ្រយុទ្ធនាការឃោសនារបស់បេក្ខជនបក្សម្នាក់នៅឯទីក្រុង ណារ៉ា (Nara) ភាគខាងលិចនៃប្រទេសជប៉ុន។ បើតាមការអះអាងរបស់ប៉ូលិសជប៉ុន ខ្មាន់កាំភ្លើងបានធ្វើឃាតរូបលោក ដោយសារតែគេចងកំហឹងថា លោក អាបេ ធ្លាប់បាននិយាយលើកស្ទួយអំពីក្រុមសាសនាមួយដែលធ្វើឱ្យម្តាយរបស់ជននោះក្ស័យធន។
ក្រុមអ្នកនយោបាយជប៉ុន បានចេញមុខថ្កោលទោសធ្ងន់ៗចំពោះ ករណីឃាតកម្មលើលោក អាបេ ហើយបានប្តេជ្ញាមិនចុះញ៉មចំពោះទង្វើភេរវកម្មជាដាច់ខាត និងទទូចឱ្យការបោះឆ្នោតដោយសេរីនិងស្មើភាព ត្រូវតែរៀបចំឡើងដោយមិនអាចអាក់ខានឡើយ៕ ដោយ៖ ធីរីណា
រូបថត ៖ Nikkei