ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឆមាសទី១ ឆ្នាំ២០២២នេះបានធ្វើសកម្មភាពយ៉ាងសកម្មភាពលើការងារថែទាំផ្លូវថ្នល់ ជាប្រចាំ មានទាំងការងារលុបសំបុកមាន់ លុបស្នាមប្រេះ ស្តារលូ ប្រឡាយ ជាមួយនឹងការលាបបង្គោលគីឡូម៉ែត្រផងដែរ ហើយការងារនេះពិតជាទទួលបាននូវការកោតសរសើរពីក្រុមប្រឹក្សារាជធានីភ្នំពេញ ។
ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៨របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងមានការចូលរួមពីលោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ តំណាងឱ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២នេះ បើតាមរបាយការណ៍ដែលរដ្ឋបាលរាជធានីភ្នំពេញបង្ហាញជូនក្រុមប្រឹក្សារាជធានីភ្នំពេញបានឱ្យដឹងថា៖ ក្នុងឆមាសទី១ឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើសកម្មភាពយ៉ាងសកម្មលើការងារថែទាំផ្លូវថ្នល់ជាប្រចាំ ក្នុងនោះបានធ្វើសកម្មភាពលុបសំបុកមាន់ AC ចំនួន៥.៨៦៣ម៉ែត្រការ៉េនៅលើ(ផ្លូវជាតិលេខ១ .៤ .៥ .៦ .២១បេ) ។ លុបស្នាមប្រេះចំនួន២,៣៦២ម៉ែត្រការ៉េ (ផ្លូវជាតិលេខ១ .៥ .៦ .១១០ .២១បេ) ។ លុបសំបុកមាន់ DBST ចំនួន១១៣៥ ម៉ែត្រការ៉េ (ផ្លូវជាតិលេខ១ .៤ .៦) ។លុបកៅស៊ូបាចកម្ទេចថ្មមួយជាន់ចំនួន១.០៤១ម៉ែត្រការ៉េ លាយល្បាយដីថ្មចំនួន៧១៣ម៉ែត្រការ៉េ (ផ្លូវជាតិលេខ១ .៤ .៥ .១១០) ។ សម្អាតលូតាមបណ្តោយផ្លូវប្រវែង២.០២០ម៉ែត្រ (ផ្លូវជាតិលេខ១ .៤ .៥ .៦ .២១បេ) ។ សម្អាតនិងលាបបង្គោលគីឡូម៉ែត្រចំនួន១៣បង្គោល (ផ្លូវជាតិលេខ១ .៤ .៦)។ សម្អាតរុក្ខជាតិតាមបណ្ដោយផ្លូវប្រវែង៩.៣៥០ម៉ែត្រ (ផ្លូវជាតិលេខ១ .៥ .៦ .២១៦.១១០)។ ល្បាតផ្លូវប្រវែង១២៣គីឡូម៉ែត្រ (ផ្លូវជាតិលេខ៤ .៥ .២១បេ)។ ស្តារប្រឡាយ ប្រវែង៨.៤០០ ម៉ែត្រ(ផ្លូវជាតិលេខ៤)។ សម្អាតលូទទឹងផ្លូវចំនួន១កន្លែង(ផ្លូវជាតិលេខ៤) សម្អាតបង្គោលគីឡូម៉ែត្រចំនួន ៦បង្គោល(ផ្លូវជាតិលេខ៦) ស្តារលូតាមបណ្ដោយផ្លូវប្រវែង៤០០ម៉ែត្រ(ផ្លូវជាតិលេខ៥)។ ស្តារលូទទឹងផ្លូវចំនួន១ កន្លែង(ផ្លូវជាតិលេខ១១០) សម្អាតស្ពានប្រវែង១៦ម៉ែត្រ(ផ្លូវជាតិលេខ១១០)។
ចំពោះការងារខាងលើនេះ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានមានប្រសាសន៍សម្តែងនូវការកោតសរសើរចំពោះមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញដែលបានអនុវត្តគ្រប់ជំនាញធ្វើឱ្យរាជធានីភ្នំពេញរក្សាបាននូវសោភណភាពជាទីក្រុងស្អាតមានសោភណភាព។
លោក ម៉ប់ សារិន បានមានប្រសាសន៍ លើកឡើងទៀតថា៖ ក្នុងរយៈពេល០៦ខែនេះ ពោលគឺក្រោយពេលស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល ចលនាសង្គមនៅមូលដ្ឋានមានសកម្មភាពឡើងវិញ គ្រោះថ្នាក់ចរាចរណ៍ក៏មានការកើនឡើង៧៨លើក តែទោះជាយ៉ាងនេះក្តីក៏សមត្ថកិច្ចរបស់យើងនៅតែគ្រប់គ្រងបានល្អ។ លោកបន្តថា ថ្នាក់ដឹកនាំរាជធានី-ខណ្ឌ-សង្កាត់រយៈពេល០៦ខែកន្លងមកនេះ ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យើងបានឆ្លងកាត់វិញ្ញាសាលំបាកស្មុគស្មាញជាច្រើន តែយើងខិតខំពុះពារបានជាបន្តបន្ទាប់ ហើយទទួលបានលទ្ធផលគួរជាទីមោទនៈទាំងក្នុងវិស័យរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់នៅគ្រប់ព្រឹត្តិការណ៍ជាតិ អន្តរជាតិ ការកសាងសមិទ្ធផល ក៏ដូចជាការផ្តល់សេវាកម្ម ពិសេសមុននិងក្រោយការប្រកាសបើកដំណើរការសេដ្ឋកិច្ចសង្គមឡើងវិញដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ច៕
ដោយ ៖ សំរិត