ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញទៅស្វែងយល់ពីសុខទុក្ខជីវភាពរស់នៅ និងស្ថានភាពជំនន់ទឹកភ្លៀងក្នុងភូមិឋានរបស់បងប្អូនអតីតយុទ្ធជនដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិដងក្តារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ដោយភ្លៀងបានបន្តធ្លាក់ជាប់គ្នាក្នុងរយៈពេលពីរថ្ងៃ កន្លងមកនេះ បណ្ដាលឱ្យលូមួយចំនួនមិនអាចហូររំដោះទឹកទាន់ ធ្វើឱ្យជំនន់ទឹកភ្លៀងប៉ះពាល់ដល់ខ្នងផ្ទះគ្រួសារអតីតយុទ្ឋជនជនចំនួន៣៥ខ្នងផ្ទះក្នុងភូមិឋានរបស់បងប្អូនអតីតយុទ្ធជនលើចំនួន១៤១គ្រួសារ ដែលកំពុងរស់នៅលើផ្ទះថ្មី ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រធានសមាគមអតីតយុទ្ធជនកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងបានបណ្ដាលឱ្យប៉ះពាល់ដល់ផលដំណាំរបស់បងប្អូនអតីតយុទ្ជជនយើងផងដែរ ។
នៅក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ បានអញ្ជើញអាជ្ញាធរដែនដី និងស្ថាប័នជំនាញធនធានទឹក ដើម្បីរកវិធីដោះស្រាយរំដោះទឹកចេញឱ្យបានលឿនចេញពីក្នុងភូមិឋានរបស់អតីតយុទ្ធជនយើង ជៀសវាងមានផលប៉ះ ពាល់ដល់ផលដំណាំនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន ។
លោកឧត្តមសេនីយ៍ទោ បានជួបសំណេះសំណាលជាមួយក្រុមគ្រួសារអតីតយុទ្ធជននៅតាមខ្នងផ្ទះនិងបាននាំយកស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគដែលជាអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ដោះស្រាយជូនក្រុមគ្រួសារអតីតយុទ្ធជនចំនួន៥គ្រួសារ ដែលកំពុងមានជីវភាពលំបាកខ្វះខាត ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួនមួយកេស ទឹកត្រីចំនួនមួយយួរ និងត្រីខកំប៉ុងចំនួនមួយយួរផងដែរ ៕
ដោយ៖ សហការី(កំពង់ធំ)