ព័ត៌មានទាន់ហេតុការណ៍៖

អនុសាខាកាកបាទក្រហមខណ្ឌចំការមន ចែកអំណោយជូនកម្មករសំណង់ ០៩គ្រួសារក្នុងសង្កាត់ទន្លេបាសាក់ ដែលបន្ទប់ស្នាក់នៅ ត្រូវបានអគ្គិភ័យឆាបឆេះ

ចែករំលែក៖

ភ្នំពេញ៖ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន បានចែកអំណោយជូនដល់បងប្អូនកម្មករសំណង់ ចំនួន ០៩គ្រួសារ ដែលបន្ទប់ស្នាក់នៅត្រូវបានអគ្គិភ័យឆាបឆេះអស់ចំនួន ១០បន្ទប់ កាលពីម៉ោង១០និង០០នាទីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ក្នុងសង្កាត់ទន្លេបាសាក់ ដែលពិធីនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ក្រោមវត្តមានលោក ថេង សុថុល ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន និងលោក ព្រុំ សំខាន់ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ដោយមានការចូលរួមពីលោក-លោកស្រីអភិបាលរងខណ្ឌ, លោកនាយករដ្ឋបាលខណ្ឌ, លោកប្រធាន-អនុប្រធានការិយាល័យចំណុះរដ្ឋបាលខណ្ឌ, លោកចៅសង្កាត់ទន្លេបាសាក់ និងមន្ត្រីពាក់ព័ន្ធ។ 

លោកអភិបាលខណ្ឌ បានផ្ដាំផ្ញើដល់បងប្អូនដែលស្នាក់នៅនិងធ្វើការរួមគ្នានៅទីនេះមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេស បញ្ហាដែលបង្កឱ្យមានគ្រោះអគ្គិភ័យជាដើមនេះ។ 

លោក ថេង សុថុល ក៏បានជំរុញឱ្យមានការប្រុងប្រយ័ត្នផងដែរ ចំពោះការងារសំណង់របស់បងប្អូន ហើយបើមានអ្វីត្រូវការ សូមទំនាក់ទំនងទៅមេការសំណង់នៅក្នុងការដ្ឋានដែលខ្លួនកំពុងធ្វើ ជាពិសេស បើសិនជាមានអ្វីដែលត្រូវការឱ្យអាជ្ញាធរជួយ សូមទំនាក់ទំនងមករដ្ឋបាលសង្កាត់ ដើម្បីឱ្យអាជ្ញាធរ ជួយដោះស្រាយបញ្ហា និងទុក្ខកង្វល់ជូនដល់បងប្អូន។ 

ជាមួយគ្នានេះ លោកប្រធានអនុសាខាកាកបាទក្រហមខណ្ឌ ក៏បានណែនាំឱ្យបងប្អូនដែលជាកម្មករសំណង់ធ្វើការ និងស្នាក់នៅទីនេះ សូមថែរក្សាអនាម័យនៃការរស់នៅ ដោយធ្វើការហូបស្អាត ផឹកស្អាត ជាពិសេស កុំភ្លេចការពារខ្លួនពីជំងឺកូវីដ-១៩ ដែលនៅកម្ពុជាយើង កំពុងតែមានការឆ្លងរីករាលដាលជាថ្មី ក្រោយមិនមានការឆ្លងប្រមាណជាង ៥០ថ្ងៃមកនោះ។ 

លោកអភិបាលខណ្ឌ ក៏បានជំរុញឲ្យបងប្អូនដែលមិនទាន់បានចាក់វ៉ាក់សាំងដូសជំរុញ សូមអញ្ជើញទៅចាក់ឱ្យបានគ្រប់ៗគ្នា ដើម្បីបង្កើនភាពស៊ាំ បញ្ជៀសបាននូវការឆ្លងរីករាលដាលបន្តទៀត ។ 

សូមជម្រាបថា អំណោយដែលបានចែកជូនរួមមាន៖ អង្ករ ២៥គីឡូក្រាម, មី ០១កេស, ទឹកត្រី ០១យួរ, ទឹកស៊ីអ៉ីវ ០១យួរ, ទឹកបរិសុទ្ធ ០១កេស, តង់ ០១ និងថវិកាមួយចំនួន ៕

ដោយ៖ ជីណា


ចែករំលែក៖