ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៤ ខែកក្កដា ឆ្នាំ២០២២នេះថា៖ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តមណ្ឌលគិរី ខេត្តតាកែវ រាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ កាលពីថ្ងៃទី១២ និង១៣ ខែកក្កដា ឆ្នាំ២០២២ បានបន្តត្រួតពិនិត្យទំនិញនៅលើទីផ្សាដោយរកឃើញទំនិញខូចគុណភាពនិងហួសកាលបរិច្ឆេទប្រើប្រាស់ដែលចរាចរលក់នៅលើទីផ្សារបានចំនួន ១០១.២៣គីឡូក្រាមយកមករក្សាទុកដើម្បីកម្ទេចចោល និងពិន័យទៅតាមនីតិវិធី។
គួរបញ្ជាក់ផងដែរថា គោលបំណងនៃត្រួតពិនិត្យគឺដើម្បីទប់ស្កាត់ទំនិញដែលមិនមានអនុលោភាពដែលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងការពារសិទ្ធិរបស់អ្នកប្រាស់ផងដែរ។
ជាមួយគ្នានេះ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពង់ឆ្នាំង ខេត្តសៀមរាប ខេត្តស្វាយរៀង ខេត្តបាត់ដំបង និងខេត្តកំពង់ធំ នាថ្ងៃទី១២ និង១៣ ខែកក្កដា ឆ្នាំ២០២២ បានបន្តប្រតិបត្តិការត្រួតពិនិត្យនៅតាមស្ថានីយ និងដេប៉ូប្រេងឥន្ធនៈដើម្បីបន្តស្វែករកភាពមិនអនុលោមណាមួយក្នុងវិស័យប្រេងឥន្ធនៈ។ គោលបំណងគឺដើម្បីការពារផលប្រយោជន៍ជូនអ្នកប្រើប្រាស់ ការពារនូវសិទ្ធិអ្នកប្រើប្រាស់ និងទប់ស្កាត់នូវអំពើមិនសុចរិតក្នុងធុរកិច្ចប្រេងឥន្ធនៈ។
លទ្ធផលត្រួតពិនិត្យជាក់ស្ដែង មន្រ្តីជំនាញត្រួតពិនិត្យបានចំនួន ២៨ទីតាំង ដោយរកឃើញមិនមានអនុលោមភាពលើដេប៉ូប្រេងឥន្ធនៈចំនួន ១១ទីតាំង និងពិន័យអន្តរការណ៍ទៅតាមនីតិវិធី៕
ដោយ៖សហការី