ខេត្តកំពង់ស្ពឺ ៖ គួរឱ្យកត់សំគាល់ និងឃើញថា, បងប្អូនប្រជាពលរដ្ឋដែលមានឡានចង្កូតស្តាំ តូចធំ បានចូលរួម អនុវត្តតាមការណែនាំ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអនុសាសន៍របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើប ក្នុងរយៈពេល២-៣ថ្ងៃ រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ មានបងប្អូនប្រជាពលរដ្ឋជាច្រើន បាននាំគ្នាសម្រុកនាំរថយន្តមកបង់ពន្ធតាមស្មារតីភ្ញាក់រលឹកខ្ពស់ស្របតាមសេចក្តីជូនដំណឹងស្តីពី ការអនុញ្ញាតឱ្យបង់ពន្ធ និងអាករ លើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់អនុលោមតាមប្រសាសន៍ និងការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សូមបញ្ជាក់ថា, គយទុកពេលត្រឹមថ្ងៃទី៣១ ខែកក្កដានេះ ឲ្យម្ចាស់រថយន្តចង្កូតស្តាំអត់ពន្ធ មកសុំចុះបញ្ជីបញ្ជាក់ជារថយន្តមានស្រាប់ក្នុងប្រទេស ខណៈការចូលបង់ពន្ធមានពេលរហូតដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា, អនុលោមតាមប្រសាសន៍និងការសម្រេចដ៍ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការអនុគ្រោះឱ្យម្ចាស់រថយន្តចង្កូតស្ដាំគ្មានពន្ធមានស្រាប់ក្នុងប្រទេស ដែលនៅសេសសល់ចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករ, អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជូនដំណឹងដល់ម្ចាស់រថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសជ្រាប ដូចខាងក្រោម
១. ម្ចាស់រថយន្តចង្កូតស្តាំ ដែលបានកក់ប្រាក់ពន្ធនិងអាកររួចតែពុំទាន់កែចង្កូត អាចមកទទួលយកបង្កាន់ដៃ ពន្ធយានយន្ត ដោយមានជម្រើសក្នុងការកែឬមិនកែចង្កូត ដើម្បីយកទៅចុះបញ្ជីធ្វើផ្លាកលេខ។
២. ម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធដែលនៅសេសសល់ (ពុំទាន់បានកក់ប្រាក់ពន្ធនិងអាកវា) ត្រូវមកបង់ពន្ធនិង អាករ ឬប្រកាសស្នើសុំចុះបញ្ជីជារថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់ក្នុងប្រទេស ដើម្បីបង់ពន្ធនិងអាករ ជាក្រោយ ដោយមិនតម្រូវឱ្យកែចង្កូត នៅអង្គភាពតយនិងរដ្ឋាករដែលនៅជិតបំផុត តាមកាលបរិច្ឆេទ ដូចខាងក្រោម
ការស្នើសុំចុះបញ្ជីរថយន្តចង្កូតស្ដាំ គ្មានពន្ធមានស្រាប់ក្នុងប្រទេស នឹងត្រូវចាប់ផ្តើមពីពេលនេះ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។ ផុតរយៈពេលនេះ រថយន្តដែលខកខានមិនបាន ចុះបញ្ជីនឹងត្រូវចាត់ទុកជារថយន្តគ្មានស្រាប់ក្នុងប្រទេស (ទើបរត់ពន្ធចូលមកថ្មី) និងជាមុខសញ្ញ នៃការបង្ក្រាបនិងរឹបអូស តាមបទប្បញ្ញត្តិជាធរមាន
ការបង់ពន្ធនិងអាករ នឹងមានរយៈពេល ៩០ថ្ងៃ ដោយគិតចាប់ពីពេលនេះ រហូតដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២។
៣. ទន្ទឹមនេះ ម្ចាស់រថយន្តចង្កូតឆ្វេងគ្មានពន្ធមានស្រាប់ក្នុងប្រទេស ក៏អាចមកបង់ពន្ធនិងអាករចាប់ពីពេល នេះតទៅ រហូតដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ដោយមិនរងការពិន័យ ផងដែរ។
ការអនុវត្តគោលការណ៍អនុគ្រោះខាងលើនេះ មិនអនុវត្តចំពោះរថយន្តដែលមានឆ្នាំម៉ូដែលចាប់ពីឆ្នាំ២០២១ ឡើងឡើយ ដែលជាកម្មវត្ថុនៃការបង់ពន្ធអាករ និងទទួលរងពិន័យ តាមបទប្បញ្ញត្តិជាធរមាន។ អាស្រ័យហេតុនេះ សូមម្ចាស់រថយន្តគ្មានពន្ធទាំងអស់រួសរាន់មកចុះបញ្ជីនិងបំពេញកាតព្វកិច្ចពន្ធនិងអាករ ឱ្យបានទាន់តាមកាលបរិច្ឆេទកំណត់ដូចខាងលើ ជាកំហិត ៕
ដោយ ៖ សិលា