ខេត្តស្វាយរៀង៖ សមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្តស្វាយរៀង បានឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាម២នាក់ក្នុងចំណោម៣នាក់ពាក់ពន្ធ័ករណី កាន់កាប់ ឬ ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត។
ការឃាត់ខ្លួននេះធ្វើឡើងនាវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅចំណុចមុខកាស៊ីណូប៉ារីសបូព៌ា ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យមាន៖
ទី១.ឈ្មោះ ង្វៀង ដាំងហ្វឿង អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកសណ្ឋាគារ បូរីសមសួន ទីកន្លែងកំណើតនៅភូមិ៣ ឃុំទៀងបាយ ស្រុកធីង្វៀង ទីក្រុងហាយហ្វុង ប្រទេសវៀតណាម បច្ចុប្បន្នស្នាក់នៅភូមិបាវិតកណ្តាល ក្រុងបាវិត (ជាអ្នកយកអាវុធទៅឱ្យឈ្មោះ វី ជនជាតិវៀតណាម) ។
ទី២. ឈ្មោះ ង្វៀង ហ៊ូតង អាយុ ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើត នៅភូមិយាតនា ឃុំតឹងយឹង ស្រុកអានឡាវ ទីក្រុងហាយហ្វុង ប្រទេសវៀតណាមបច្ចុប្បន្នស្នាក់នៅភូមិបាវិតកណ្តាល ក្រុងបាវិត ខេត្តស្វាយរៀង។
ចំណែកជនសង្ស័យដែលរត់គេចខ្លួនមានឈ្មោះ វី អាយុ ៣៥ឆ្នាំ ជនជាតិវៀតណាម មុខរបរ ថៅកែបើកកន្លែងម៉ាស្សា ២៩៦ និងសណ្ឋាគារទីកន្លែងកំណើតនៅភូមិយាតនា ឃុំតឹងយឹង ស្រុកអានឡាវ ទីក្រុងហាយហ្វុង ប្រទេសវៀតណាម បច្ចុប្បន្នស្នាក់នៅភូមិបាវិតកណ្តាល ក្រុងបាវិត ។
ប្រភពបន្តថា ដោយមានការចង្អុលបង្ហាញពីលោកសែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជាឱ្យកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ដោយមានការសម្របសម្រួលពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ធ្វើប្រតិបត្តិការស្រាវជ្រាវបង្ក្រាបបទល្មើសករណីកាន់កាប់ ឬ ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ស្ថិតនៅចំណុចមុខកាស៊ីណូប៉ារីសបូព៌ា ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យចំនួន ២ នាក់ និងម្នាក់ទៀតជាម្ចាស់អាវុធ រត់គេចខ្លួនដោយសមត្ថកិច្ចបានរឹបអូសវត្ថុតាងរួមមានអាវុធខ្លី ១ ដើម ម៉ាក K54 គ្មានលេខ និងបង់ ០១ គ្រាប់ចំនួន ០៦ គ្រាប់ ទូរស័ព្ទដៃចំនួន ០២ គ្រឿង ម៉ាក Iphon 12 Promax ប្រាក់ដុល្លារ ចំនួន ១០០$ (មួយរយដុល្លារអាមេរិក) ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង និងស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់ទៀតដែលរត់គេចខ្លួនយកមកចាត់ការតាមច្បាប់ ៕
ដោយ៖ យឹម សុថាន