ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងខណៈជួបគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តបើកបុកម៉ូតូពេញទំហឹង។គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង៩និង៤៥នាទីយប់ថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២២ត្រង់ចំណុចផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ៣០-៤០ស្ថិតក្នុងភូមិរំលោង ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ម៉ូង ម៉ុន ភេទប្រុសអាយុ៧០ឆ្នាំ រស់នៅភូមិចំការរដ្ឋ ឃុំវល្លិសរ ស្រុកសំរោងទង បើកម៉ូតូក្នុងទិសដៅពីលិចទៅកើតលុះ មកដល់ចំណុចខាងលើក៏ត្រូវរថយន្ដមួយគ្រឿង ម៉ាកDEAWOO ពណ៌ត្រួយចេក ពាក់ស្លាកលេខព្រះសីហនុ ៣A-៧៥៧៣ សណ្ដោងសឺមីរ៉ឺម៉ក គ្មានស្លាកលេខ (របស់ក្រុមហ៊ុនដឹកជញ្ជូនSP) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណមកបុកពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗតែម្តង។
ប្រភពបានបន្តទៀតថាក្រោយកើតហេតុមន្ត្រីជំនាញបានធ្វើការវាស់វែងនិងប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែកវត្ថុតាងទាំងពីរគ្រឿងយកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រពាំងគងរង់ចាំដោះស្រាយនៅពេលក្រោយ៕
ដោយ៖ចន្ទ លីហ្សា