ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបញ្ជាក់ឱ្យដឹងថា, នារសៀលថ្ងៃសុក្រ ២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) ដែលគាំទ្រដោយក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី បានរៀបចំពិធីប្រកាសដាក់ឱ្យប្រើប្រាស់ឧបករណ៍ផ្សព្វផ្សាយរបស់តុវិនិយោគកសិ-ចំណីអាហារនៅ ក.អ.ក. ក្រោមអធិបតីភាពរបស់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយក រដ្ឋមន្រ្តី អគ្គលេខាធិការ ក.អ.ក. និង លោក ប៉ាប្លូ កាង (PABLO KANG) ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា ដោយមានការអញ្ជើញចូលរួមពីអង្គទូត តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងផ្នែកឯកជន ប្រមាណជាង ១៤០រូប។
១. ពិធីនេះគឺជាព្រឹត្តិការណ៍ដ៍មានសារៈសំខាន់ និងជាសក្ខីភាពមួយទៀតដែលឆ្លុះបញ្ចាំងពីផ្លែផលនៃ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអូស្ត្រាលី លើការពន្លឿនសកម្មភាពជំរុញវិនិយោគក្នុងវិស័យកសិ ចំណីអាហារជាអាទិភាព ដើម្បីរួមចំណែកដល់ការរក្សាបាននូវសុវត្ថិភាពម្ហូបអាហារ ការកាត់បន្ថយភាពក្រីក្រ តាមរយៈការបង្កើតការងារបន្ថែម និងការជំរុញកំណើនសេដ្ឋកិច្ចនិងចីរភាពបរិស្ថាន។ ឧបករណ៍ចម្បង នេះនឹងរួមចំណែកដល់ការជំរុញវិនិយោគ និងលើកកម្ពស់ការអភិវឌ្ឍវិស័យកសិ-ចំណីអាហារ ព្រមទាំងធ្វើ ឱ្យប្រសើរឡើងនូវភាពប្រកួតប្រជែងក្នុងវិស័យកសិកម្ម។ ប្រតិបត្តិការរបស់តុវិនិយោតកសិ-ចំណីអាហារ នៅ ក.អ.ក. នឹងជួយពង្រឹងមូលដ្ឋានរបស់វិស័យកសិ-ចំណីអាហារនៅកម្ពុជាឱ្យកាន់តែរឹងមាំ និងកាន់តែមាន ភាពធន់ តាមរយះការធ្វើពិពិធកម្មធនធាន និងទម្រង់នៃការវិនិយោគ ដោយប្រើប្រាស់បច្ចេកវិទ្យា និង នវានុវត្តន៍ក្នុងវិស័យនេះ ខណៈបង្កើតការងារដែលមានតម្លៃបន្ថែមកាន់តែខ្ពស់ដល់ប្រជាជនកម្ពុជា។
២. ក្នុងនាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក សុខ ចិន្តាសោភា បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅដល់គ្រប់តួអង្គពាក់ព័ន្ធ រួមមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ស្ថានទូត អូស្ត្រាលីប្រចាំកម្ពុជា តាមរយៈ កម្មវិធី CAVAC សម្រាប់ជំនួយ និងកិច្ចសហប្រតិបត្តិការក្នុងការបង្កើត ឱ្យមានតុវិនិយោគកសិ-ចំណីអាហារ (AFD) នៅ ក.អ.ក. ដែលជាថ្នាលបច្ចេកវិទ្យាព័ត៌មានតែមួយគត់ ដែលនឹងផ្តល់ ព័ត៌មាននិងជួយវិនិយោគិនឱ្យច្បាមយកកាលានុវត្តភាពមិនទាន់ច្នៃនៃធនធានកសិកម្មកម្ពុជា ហើយលើសពីនេះទៀតគឺការទទួលបាននូវការលើកទឹកចិត្តដ៏ទាក់ទាញពីច្បាប់ស្ដីពីវិនិយោគ។ ឯកឧត្តម បានបន្ថែមថា ក្រុមការងាររបស់យើងនឹងនៅជាមួយវិនិយោតិនគ្រប់ដំណាក់កាលដើម្បីធានានូវការទទួល បានផលចំណេញយ៉ាងឆាប់រហ័ស និងគាំទ្រដល់ជីវភាពដ៍ល្អប្រសើររបស់កសិករនិងក្រុមគ្រួសាររបស់ពួក គាត់។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បានវាយតម្លៃខ្ពស់ដល់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាសម្រាប់ តួនាទីក្នុងការផ្តល់ជំនួយបច្ចេកទេស ដើម្បីពន្លឿនការស្តារឡើងវិញនូវសេដ្ឋកិច្ចកម្ពុជាក្នុងគន្លងប្រក្រតីភាព ថ្មីក្រោយវិបត្តិជំងឺកូវីដ-១៩។ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ ក៍បានសង្កត់ធ្ងន់ទៅលើតួនាទីស្នូលរបស់ ក.អ. ក. ក្នុង ការជំរុញ ការផ្តល់កិច្ចសម្រួល ការលើកទឹកចិត្ត និងការផ្តល់សេវាថែទាំវិនិយោគ ស្របតាមស្មារតីនៃច្បាប់ ស្តីពីវិនិយោតនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២១។
លោក ម៉ាប្លូ កាង ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា បានបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាល អូស្ត្រាលីក្នុងការគាំទ្រដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេសការលើកកម្ពស់ផលិតភាពក្នុងវិស័យ កសិកម្ម តាមរយៈការរួមគ្នាជំរុញការវិនិយោគក្នុងវិស័យកសិ-ចំណីអាហារ។ ការដាក់ឱ្យប្រើប្រាស់ឧបករណ៍ ផ្សព្វផ្សាយរបស់តុវិនិយោគកសិ-ចំណីអាហារនៅ ក.អ.ក. នាពេលនេះគឺជាសមិទ្ធផលថ្មីនិងជាសក្ខីភាពមួយ ដែលអូស្ត្រាលីបានចូលរួមជួយបំពេញបន្ថែមដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការ ជំរុញ ទាក់ទាញ និងថែរក្សាការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ធុរកិច្ច និងកសិ- ចំណីអាហារ។
៤. ជាមួយគ្នានេះដែរ វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន សម្ដែងនូវការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងល្អក្រៃលែងពីគ្រប់ដៃគូ ពាក់ព័ន្ធទាំងអស់ ជាពិសេស ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ដែលបានផ្តល់ ការគាំទ្រទាំងបច្ចេកទេស និងធនធានហិរញ្ញវត្ថុ ក្នុងការលើកកម្ពស់ការវិនិយោគក្នុងវិស័យកសិកម្ម និង កសិ-ឧស្សាហកម្មនៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៍បានចូលរួមអបអរសាទរ និងគាំទ្រយ៉ាង ពេញទំហឹងចំពោះការប្រកាសឱ្យប្រើប្រាស់នូវឧបករណ៍ផ្សព្វផ្សាយរបស់តុវិនិយោគកសិ-ចំណីអាហារនៅ ក. អ. ក. នាពេលនេះ។
៥. ជាការកត់សម្គាល់ គិតត្រឹមខែមិថុនា ឆ្នាំ២០២២ ក.អ.ក. បានអនុម័តគម្រោងវិនិយោគក្នុង វិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងកែច្នៃចំណីអាហារ ចំនួនប្រមាណ៤០០គម្រោង ក្នុងទុនវិនិយោគ សរុបប្រមាណ ១០,៣៣ ប៊ីលានដុល្លារអាមេរិក ៕
ដោយ ៖ សិលា