ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តគេចពីរថយន្តមួយគ្រឿងទៀតជ្រុលចង្កូតទៅបុករថយន្ដធុនធំពីក្រោយពេញទំហឹងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

   ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តគេចពីរថយន្តមួយគ្រឿងទៀតក៏ជ្រុលចង្កូតទៅបុករថយន្តធុនធំដែលចតអែបកៀនផ្លូវកំពុងដាក់ថ្មចូលក្នុងឃ្លាំងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ ចំណែកឯស្ត្រីម្នាក់រងរបួសស្រាល។

    ហេតការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៧ និង៣០នាទីព្រឹកថ្ងៃទី១៦ ខែកក្កដាឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តធុនធំដឹកថ្មមួយគ្រឿងម៉ាកDAEWOO NOVUS ពណ៌ស្លែ ពាក់ស្លាកលេខត្បូងឃ្មុំ 3A-0869 បានចតនៅអែបកៀនផ្លូវដើម្បីដាក់ថ្មចូលក្នុងឃ្លាំង ពេលនោះស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកNISSAN NAVARA ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2W-6420 បើកបរដោយបុរសម្នាក់និងរួមដំណើរដោយស្ត្រីម្នាក់ធ្វើដំណើរតាមបណ្ដាយផ្លូវភ្នំពេញ-ហាណូយពីជើងទៅត្បូងក្នុងល្បឿនលឿន ហើយខណៈមកដល់ត្រង់ចំណុចកើតហេតុបានបើកគេចពីរថយន្តមួយគ្រឿងទៀតក៏ជ្រុលចង្កូតទៅបុកចំពីក្រោយរថយន្តធុនធំពេញទំហឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ ចំណែកឯស្ត្រីម្នាក់ដែលរួមដំណើររងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ រួចបានឱ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាដោយភាគីទាំងពីរយល់ព្រមយករថយន្តទៅជួសជុលរៀងៗខ្លួនដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

ដោយ៖និន សុភ័ស្ត


ចែករំលែក៖