ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនត្រូវចោទម្នាក់តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមសាលាដំបូងខេត្តស្វាយរៀងពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនត្រូវចោទម្នាក់តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមសាលាដំបូងខេត្តស្វាយរៀងពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

    ការឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២២ វេលាម៉ោង៥និង៤៥នាទីល្ងាចនៅចំណុចផ្ទះជនត្រូវចោទស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ។

    យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា ជនត្រូវចោទមានឈ្មោះមាស បញ្ញា  អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិជ្រៃធំសង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង។

    ប្រភពបន្តថា យោងតាមដីកាលេខ៣៦ ចុះថៃ្ងទី០៤ខែកុម្ភ: ឆ្នាំ២០២២របស់លោក ធុច ជេដ្ឋា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្វាយរៀង បានបង្គាប់ឱ្យចាប់ខ្លួនឈ្មោះ មាស បញ្ញា ទើបសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាវិតសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអង្គញ់ធ្វើការស្រាវជ្រាវចាប់ខ្លួនជនត្រូវចោទនិងបាននាំខ្លួនយកមកអធិការដ្ឋាននគរបាលក្រុងបាវិត នហើយបានធ្វើតេស្តទឹកមូត្រ ជាលទ្ធផល វិជ្ជមាន(+)ផ្ទុកសារធាតុញៀនមេតំហ្វេតាមីន រួចហើយបានឆែកឆេរដងខ្លួនជនត្រូវចោទពុំមានសម្ភារវត្ថុតាងអ្វីជាប់ខ្លួនឡើយ។

    បច្ចុប្បន្ន ជនត្រូវចោទត្រូវបានសមត្ថកិច្ចយើងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីរៀបចំឯកសារបញ្ជួនទៅការិយាល័យជំនាញខេត្តចាត់ការបន្តតាមច្បាប់៕

ដោយ៖ យឹម សុថាន


ចែករំលែក៖