ភ្នំពេញ៖ អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បានមានប្រសាសន៍ថា សេចក្ដី ព្រាងច្បាប់ធម្មនុញ្ញ ស្ដីពីវិសោធនកម្មមាត្រា១៩ថ្មី (មួយ) មាត្រា៩៨ថ្មី មាត្រា ១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា ១២៥ថ្មីនៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មីនៃច្បាប់ធម្មនុញ្ញ បានទៅដល់រដ្ឋសភាហើយ។
អ្នកនាំពាក្យរដ្ឋសភាបានបន្ថែមថា សេចក្ដីព្រាងច្បាប់ធម្មនុញ្ញស្ដីពី វិសោធនកម្មមាត្រាមួយចំនួននៃច្បាប់ធម្មនុញ្ញនេះ នឹងដាក់ជូនគណៈអចិន្រ្តៃយ៍រដ្ឋសភានៅសប្តាហ៍ក្រោយនេះហើយ។ លោកថា នៅពេលគណៈអចិន្រ្តៃយ៍រដ្ឋសភាបើកកិច្ចប្រជុំពិនិត្យសម្រេចរួចហើយ ទើបដាក់ជូនរដ្ឋសភាដើម្បីបើកកិច្ចប្រជុំពេញអង្គ។
គួរបញ្ជាក់ថា លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ គឺអនុវត្តទៅ តាមនីតិវិធីដែលចែងក្នុងរដ្ឋធម្មនុញ្ញទាំងអស់ ដោយពុំមានចំណុចណាមួយដែលនិយាយថាជារឿងលាក់បាំង ជាការសម្ងាត់នោះទេ។ បើតាមលោករដ្ឋមន្ត្រី ចាប់តាំងពីឆ្នាំ១៩៩៣មក រដ្ឋធម្មនុញ្ញរបស់កម្ពុជាត្រូវបានធ្វើវិសោធនកម្មចំនួន ៩លើករួចមកហើយ។ បើគិតបន្ថែមលើកនេះទៀតគឺចំនួន១០លើកហើយ។ ការធ្វើវិសោធនកម្មនេះ គឺដើម្បីបំពេញចន្លោះខ្វះខាតរបស់រដ្ឋធម្មនុញ្ញកម្ពុជា និងដើម្បីធានាការពារឧត្ដមប្រយោជន៍របស់ជាតិ។
គួររំលឹកថា កាលពីថ្ងៃទី១៣ ខែកក្កដា ក្រុមប្រឹក្សាធម្មនុញ្ញ បានបើកកិច្ចប្រជុំពេញអង្គដើម្បីពិនិត្យនិងរៀបចំសេចក្តីក្រាបបង្គំទូលថ្វាយមតិ ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចំពោះសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញកម្ពុជា ហើយជាលទ្ធផលក្រុមប្រឹក្សាធម្មនុញ្ញ បានបញ្ជាក់ថា «អាចធ្វើទៅបាន» ស្របតាមបរិបទនៃសភាពការណ៍ជាក់ស្ដែង និងពុំមានអ្វីប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ ព្រមទាំងធ្វើឡើងនៅពេលប្រទេសជាតិមិនឋិតក្នុងភាពអាសន្ន៕
ដោយ៖ សូរិយា