ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត Lexus GS300 សុីញ៉ូស្ដាំតែបត់ឆ្វេងត្រូវបានរថយន្ត Toyota Prius មួយគ្រឿងមកពីក្រោយចាប់ហ្វ្រ័ងមិនទាន់ជ្រុលទៅបុកបញ្ឆិតចំពីចំហៀងផ្នែកខាងឆ្វេងពេញទំហឹងបណ្ដាលឱ្យរងការខូចខាតរៀងៗខ្លួនយ៉ាងដំណំ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២២ នៅត្រង់ចំណុចមុខវត្តទួលសុភាឃួន តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបានប្រាប់ឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត Lexus GS 300 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2AF-9882 ធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងដៃត្រឡប់ក្រោយវិញ តែរថយន្តបើកភ្លើងស៊ីញ៉ូខាងស្ដាំ ស្របពេលនោះក៏មានរថយន្តToyota Priusមួយគ្រឿងថ្មីសន្លាងមិនទាន់ធ្វើស្លាកលេខ ពណ៌ខ្មៅធ្វើដំណើរមកពីក្រោយចាប់ហ្វ្រ័ងមិនទាន់ជ្រុលទៅបុកបញ្ឆិតចំពីចំហៀងរថយន្ត Lexus ផ្នែកខាងឆ្វេងពេញពេញទំហឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តព្រូសរងការខូចខាតផ្នែកខាងមុខខាងស្ដាំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញឱ្យមកធ្វើការវាស់វែង តែសមត្ថកិច្ចជំនាញបានឱ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជិត២ម៉ោង ទើបភាគីទាំងពីរបានព្រមព្រៀងគ្នាដោយខាងរថយន្តឡិចសុីសបានចេញសំណងចំនួន២៥០ដុល្លារទៅឱ្យភាគីរថយន្តព្រូស ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕
ដោយ៖សុខាសែនជ័យ