ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ ខៀវ​ សុភ័គ ៖ ខាងគណៈកម្មាធិការបង្ក្រាបផលិតផលក្លែងក្លាយ​ គាត់គ្មានសិទ្ធិអញ្ជើញឬកោះហៅ អ្នកកាសែតមកឆ្លេីយបំភ្លឺនោះទេ​ បើគិតតាមផ្លូវច្បាប់ ដូចជាអត់មានច្បាប់ចែង !

ចែករំលែក៖

ភ្នំពេញ​៖​ ពាក់ព័ន្ធនឹងករណីដែល អង្គភាពគណៈកម្មាធិការបង្ក្រាបផលិតផលក្លែងក្លាយ​ បានអញ្ជើញលោកស្រីអគ្គនាយិកា មជ្ឈមណ្ឌលព័ត៌មាន “នគរវត្ត”ចូលទៅបំភ្លឺនៅអង្គភាពរបស់ខ្លួន​ បន្ទាប់ពី​មានការចុះផ្សាយព័ត៌មានកន្លងទៅនោះ! ដែលអ្នកច្បាប់មានចម្ងល់ថា​ តើអង្គភាពនេះសំអាងទៅលើអ្វី មាត្រាណា១ អនុក្រឹត្យណា១ ?  ត្រូវបានលោកនាយឧត្តមសេនីយ៍ ខៀវ​ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បានមានប្រសាសន៍ប្រាប់អង្គភាពមជ្ឈមណ្ឌលព័ត៌មមាន”នគរវត្ត​” យ៉ាងដូច្នេះ​ថា៖ ខ្ញុំគិតថារឿងនេះ ជារឿងមួយ បើគិតតាមផ្លូវច្បាប់ ដូចជាអត់មានច្បាប់ចែង ថាឲ្យកោះហៅ ! និយាយរួមគឺគ្មានច្បាប់ចែងតែម្ដង។ លោកនាយឧត្តមសេនីយ៍​ បានបន្តថា, ច្បាប់ចែងថាឱ្យចេញក៏គ្មាន, ច្បាប់ចែងថាគ្មានឱ្យអញ្ជើញក៏គ្មាន, ខ្ញុំក៏មិនដឹងឆ្លើយយ៉ាងម៉េចដែរ។ លោកបានលើកឡើងថា, គ្មានច្បាប់ឱ្យអញ្ជើញអ្នកកាសែតមក ការពិតខាងគណៈកម្មាធិការបង្ក្រាបផលិតផលក្លែងក្លាយគាត់គ្មានសិទ្ធិអញ្ជើញអ្នកកាសែតមកទេ បើនិយាយជារួមទៅ ។ 

សូមជម្រាបថា​ បន្ទាប់ពី លោក សោម ច័ន្ទឌីណា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ សម្របសម្រួលផ្នែកច្បាប់ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ចេញលិខិតអញ្ជើញ លោកស្រីអគ្គនាយិកា មជ្ឈមណ្ឌល សារព័ត៌មាន”នគរវត្ត” លេីកទី១​, ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២​ និងលេីកទី២, ចុះ​ថ្ងៃ​ទី​១៥​ ខែកក្កដា​ ឆ្នាំ​២០២២​ ដើម្បីចូលរួម បំភ្លឺ ករណីចុះផ្សាយព័ត៌មាន(ជាវីដេអូ) កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ នៅលើទំព័រហ្វេសប៊ុកឈ្មោះ Nokorwat News ដែលមានផ្សាយនៅក្នុងអាសយដ្ឋាន (https//fb-watch/dRchSdXOdl/) ទាក់ទងទៅនឹង ប្រតិបត្តិការ របស់សមត្ថកិច្ចចម្រុះ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ។ លេចចេញជាចម្ងល់ជាច្រើន ចោទជាសំណួរដោយអ្នកច្បាប់ថា, លិខិតអញ្ជើញលោកស្រី អគ្គនាយិកា មជ្ឈមណ្ឌល សារព័ត៌មាន”នគរវត្ត” ចេញដោយ លោក សោម ច័ន្ទឌីណា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ សម្របសម្រួលផ្នែកច្បាប់ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ អោយចូលបំភ្លឺ តើគាត់មានគោលបំណងអ្វី ! ហើយការចេញលិខិតអញ្ជើញចូលបំភ្លឺនេះ លោកសំអាងលើច្បាប់អ្វី មាត្រាប៉ុន្មាន អនុក្រិត្យ១ណា  ! ដែលប្រគល់សិទ្ធិអំណាចអោយគាត់ មានសិទ្ធិកោះហៅ កោះអញ្ជើញ ដើម្បីទៅបំភ្លឺអោយគាត់ ? ព្រោះច្បាប់នៃរបបសារព័ត៌មាន មានចែងយ៉ាងច្បាស់.. , បើការចុះផ្សាយទៅបុគ្គលណា១ ,ឬស្ថាប័នណា១ ! ហើយបុគ្គល ឬស្ថាប័ននោះ គាត់យល់ឃើញថា, ការចុះផ្សាយនោះ មានភាពមិនត្រឹមត្រូវ គឺគាត់មានសិទ្ធិ អោយអង្គភាព ដែលបានចុះផ្សាយធ្វើការកែតម្រូវ ។ ប្រសិនបើជាអង្គភាពនោះ មិនធ្វើការចុះផ្សាយកែតម្រូវទេ គាត់មានសិទ្ធិប្តឹង ទៅអង្គភាពមន្ត្រីនគរបាលយុត្តិធម៌ ដែលជាសមត្ថកិច្ច ហើយច្បាប់បានប្រគល់អោយ ឬក៏ស្ថាប័នអយ្យការ ។ ផ្ទុយទៅវិញនីតិវិធីរបស់ បុគ្គលខ្លះ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ធ្វើការប្លែកៗ បែប(នីតិវិធីស្ទើរភ្លើង) ទេដឹង?   (…ចម្ងល់អ្នកច្បាប់…)? បញ្ហាទាំងនេះគួរថ្នាក់លើ ពិនិត្យឡើងវិញផងដែរ ពីនីតិវិធី តួនាទី ភារកិច្ច ជៀសវាងផ្ទុយនឹងច្បាប់ប្រគល់ជូន ។

ជុំវិញករណីនេះដែរ​ លោក តាំង សុវិជ្ជា ប្រធាននាយលេខាធិការដ្ឋានគណៈកម្មាធិការបង្ក្រាបផលិតផលក្លែងក្លាយ​ បានប្រាប់អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” នៅព្រឹកថ្ងៃអង្គារទី​១៩​ ខែកក្កដា​ ឆ្នាំ​២០២២នេះយ៉ាងដូច្នេះថា៖ តើខាងណាជាអ្នកចេញ ! ហើយអ្នកណាជាអ្នកចេញ , បើអ្នកណាដែលចេញទាក់ទងទៅគាត់ទៅខ្ញុំអត់ដឹងទេ បើលោក សោម ច័ន្ទឌីណា គាត់លិខិតអញ្ជើញ មេត្តាសួរគាត់ទៅ..ពីព្រោះគាត់ជាអ្នកសម្របសម្រួលផ្នែកច្បាប់ ខ្ញុំអត់ដឹងទេ អោយគាត់ពន្យល់ចុះ ..! ។

ដោយឡែកលោក សោម ច័ន្ទឌីណា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ សម្របសម្រួលផ្នែកច្បាប់ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានថ្លែង​ប្រា​ប់អង្គភាព មជ្ឈមណ្ឌល សារព័ត៌មាន”នគរវត្ត”​ តាមរយៈ​ទូរស័ព្ទ​នៅព្រឹកថ្ងៃអង្គារទី​១៩ ខែកក្កដា​ ឆ្នាំ២០២២នេះថា៖ ដោយសារតែករណីនេះ ត្រូវយល់ថា, ការអញ្ជើញនេះ ជាការអញ្ជើញ មិនមែនជាការកោះទេ ហើយស្ថាប័នក្រសួងមហាផ្ទៃមិនមែនជាតុលាការទេ គ្រាន់តែសូមអញ្ជើញគាត់មកបំភ្លឺ ។ លោកបន្តថា, ករណីនេះពាក់ព័ន្ធនឹងនីតិវិធី គឺនាយឧត្តមសេនីយ៍ មៀច សុផាន់ណា លោកស្នើសុំទៅសម្តេចក្រឡាហោម ហើយសម្តេចក៏បានឯកភាព ដើម្បីអោយអញ្ជើញ ។ ដូច្នេះខ្ញុំជាអនុគណៈកម្មាធិការ ទទួលការងារនេះ ហើយជាប្រធានទទួលការងារច្បាប់ផង គ្រាន់តែសូមអោយមកបំភ្លឺទៅ បើសិនជាការចុះផ្សាយមិនត្រឹមត្រូវទេ ធ្វើការកែតម្រូវទៅ ហើយលោកស្រីអគ្គនាយិកា មិនមកក៏បាន អោយតំណាងមកក៏បាន ដើម្បីចង់បានរបាយការណ៍ ជូនសម្តេចក្រឡាហោម វិញតែប៉ុណ្ណឹងទេ ។ ត្រង់សំណួរថា, ហេតុអីក៏ខាងគណៈកម្មាធិការ មិនដាក់លិខិតជូនមកអោយបំភ្លឺ ឬកែតម្រូវ? លោកបានបញ្ជាក់ថា, ដោយសារខ្ញុំគិតថារឿងនេះ ! ដែលជានីតិវិធីមួយដែលយើងដើរតាមការចង្អុលបង្ហាញពីសម្ដេចក្រឡាហោម ហើយខ្ញុំមិនបានបញ្ជូនទៅខាងក្រសួងព័ត៌មាន ខណៈខ្ញុំគិតថាវាជារឿងសាមញ្ញទេ អត់មានរឿងអីធំវែងឆ្ងាយទេ។

ដោយឡែក លោក សរ សិទ្ធិ អនុរដ្ឋលេខាធិការ និងជា អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ (គ.ប.ផ.ក) ជា ប្រធានស្តីទី នៅព្រឹកថ្ងៃទី១៩​ ខែកក្កដា​ ឆ្នាំ២០២២ អង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត”តាមទូរស័ព្ទ ប៉ុន្តែ​នៅក្រៅតំបន់សេវា។

ទោះបីមិនទាន់មានការបកស្រាយពី ប្រធានស្តីទី នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក៏ដោយ ក៏មន្ត្រីជាន់ខ្ពស់នៅក្នុងអង្គភាពមួយនេះ ធ្លាប់បានបញ្ជាក់ផងដែរថា, ប្រសិនបើលោក សោម ច័ន្ទឌីណា ក្នុងនាមគាត់ជា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ សម្របសម្រួលផ្នែកច្បាប់ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ គឺ ដាច់ខាត គាត់មិនមានតួនាទី ភារកិច្ច និងសិទ្ធិអំណាចណាមួយ ក្នុងការកោះហៅ ឬចេញលិខិតអញ្ជើញ អ្នកសារព័ត៌មានមកបំភ្លឺបានឡើយ។ លោកបន្តថា, លោកសោម ច័ន្ទឌីណា ធ្វើបែបនេះគឺខុសច្បាប់។ ដូច្នេះអាចនឹងមានការសួរនាំណាមួយពីថ្នាក់លើជុំវិញការចេញលិខិតអញ្ជើញអ្នកកាសែតឲ្យចូលមកបំភ្លឺនេះ។

លោកបញ្ជាក់ទៀតថា, ខាងអង្គភាព គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក៏ដូចជាលោក សោម ច័ន្ទឌីណា អាចមានសិទ្ធិដាក់ទៅក្រសួងព័ត៌មាន ឬក៏ស្នើសុំឲ្យក្រសួងព័ត៌មាន ដើម្បីឲ្យខាងកាសែតនោះជួយបំភ្លឺ ហើយការបំភ្លឺឬមិនបំភ្លឺជាសិទ្ធិរបស់អ្នកសារព័ត៌មាន។

សូមរំលឹកផងដែរថា, អង្គភាពគណៈកម្មាធិការបង្ក្រាបផលិតផលក្លែងក្លាយ គួរមានទម្រង់រដ្ឋបាលណាមួយ ស្របតាមគតិយុត្ត ក្នុងការអនុវត្តការងារ ចៀសវាងរងនូវការរិះគន់ ក៏ដូចជាចន្លោះប្រហោងផ្នែកនីតិវិធី។ 

សូមជម្រាបផងដែរថា, មួយរយៈកន្លងទៅនេះ ខាងអង្គភាព គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ មានបុគ្គលមួយចំនួន ចេញប្រតិបត្តិការការងារ មិនបានគោរពតាមតួនាទីភារកិច្ច ទើបសម្ដេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមដានយ៉ាងយកចិត្តទុកដាក់ ពីនីតិវិធីការងារ និងធ្វើលិខិតឲ្យអង្គភាពមួយនេះ បំភ្លឺរាល់ប្រតិបត្តិការដែលធ្វើខុសពីនីតិវិធី ហើយរំខានដល់អ្នករកស៊ី ក្រុមហ៊ុនស្របច្បាប់ជាដើម៕

ដោយ​៖ស​ តារា​


ចែករំលែក៖