ភ្នំពេញ ៖ ប្រទេសដាណឺម៉ាកបានហាមឃាត់ការប្រើប្រាស់សេវាកម្មរបស់ Google នៅក្នុងសាលារៀនជាផ្លូវការ បន្ទាប់ពីមន្ត្រីនៅក្នុងក្រុង Helsingør បានបញ្ចប់ការវាយតម្លៃ ទាក់ទងទៅនឹងហានិភ័យក្នុងការផ្ទេរ និងរក្សាទុកទិន្នន័យផ្ទាល់ខ្លួនជាមួយក្រុមហ៊ុន Google។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពី អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២២។
នៅក្នុងការវាយតម្លៃជាផ្លូវការ ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន ទីភ្នាក់ងារការពារទិន្នន័យរបស់ប្រទេសដាណឺម៉ាក Datatilsynet បានបង្ហាញថា ការដំណើរការទិន្នន័យដែលពាក់ព័ន្ធនឹងសិស្ស ដែលប្រើប្រាស់កម្មវិធី Workspace ជាមួយប្រព័ន្ធ Google cloud ដែលរួមមាន Gmail, Google Docs, Calendar និង Google Drive មិនបានបំពេញតាមតម្រូវការនៃ បទប្បញ្ញត្តិទាក់ទងទៅនឹងទិន្នន័យឯកជនភាព GDPR របស់សហភាពអឺរ៉ុប។
អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានលើកឡើងថា, អាជ្ញាធរបានបញ្ជាក់ផងដែរថា ពួកគេបានរកឃើញនៅក្នុងកិច្ចព្រមព្រៀងដំណើរការទិន្នន័យ ឬលក្ខខណ្ឌរបស់ Google ដែលអាចអនុញ្ញាតឱ្យក្រុមហ៊ុនផ្ទេរទិន្នន័យទៅប្រទេសផ្សេងទៀតដើម្បីផ្ដល់សេវាកម្មមួយចំនួន បើទោះបីជាទិន្នន័យត្រូវបានរក្សាទុកជាធម្មតានៅក្នុងមជ្ឈមណ្ឌលទិន្នន័យ EU របស់ Google ក៏ដោយ។ បច្ចុប្បន្នការហាមឃាត់នេះគឺសម្រាប់តែសាលារៀននៅក្នុងក្រុង Helsingør ប៉ុន្តែអាជ្ញាធរអាចនឹងធ្វើការហាមឃាត់បន្ថែមនៅក្នុងទីក្រុងផ្សេងៗទៀតក្នុងពេលអនាគត។
ទាក់ទងទៅនឹងភាពចម្រូងចម្រាស់ក្នុងការរក្សាទុកទិន្នន័យឌីជីថលនេះ គឺដោយសារតែសហរដ្ឋអាមេរិកមានការអនុគ្រោះច្រើននៅក្នុងច្បាប់ឃ្លាំមើល នៅពេលដែលសហភាពអឺរ៉ុបបានផ្ដល់សិទ្ធិដល់ពលរដ្ឋរបស់ពួកគេទាក់ទងទៅនឹងការការពារទិន្នន័យឯកជនភាព ដូចដែលមានចែងក្នុងច្បាប់សិទ្ធិជាមូលដ្ឋានរបស់សហភាពអឺរ៉ុប៕
ដោយ ៖ សិលា