ខេត្តព្រះសីហនុ ៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ផ្លូវល្បឿនលឿននេះសម្រេចការសាងសង់បាន៩៥%ហើយ នៅសល់៥%ទៀត ទាក់ទងនឹងស្លាកសញ្ញា ដាំដើមផ្កា ដាក់កាមេរ៉ា ។ល។ ផ្លូវនេះគ្រោងនឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននៅថ្ងៃទី០១ ខែតុលា ហើយប្រជាពលរដ្ឋអាចប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះបានដោយឥតគិតថ្លៃក្នុងរយៈពេល១ខែ។
លោកទេសរដ្ឋមន្ត្រីបានឱ្យដឹងបន្ថែមទៀតថា មុននឹងដាក់ឱ្យប្រើប្រាស់ផ្លូវនេះ ក្រសួងនឹងរៀបចំធ្វើស្ប៉តផ្សព្វផ្សាយ ដើម្បពន្យល់ដល់ប្រជាពលរដ្ឋដែលមិនធ្លាប់ប្រើផ្លូវល្បឿនលឿនពីមុនមកឱ្យបានដឹងពីរបៀបប្រើប្រាស់ផ្លូវនេះផងដែរ។
សូមបញ្ជាក់ថា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារនិងមន្ត្រីជំនាញបន្តចុះពិនិត្យមើលសកម្មភាព និងវឌ្ឍនភាពសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ធ។
សូមបញ្ជាក់លម្អិតថា ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ និងឥតបង់ប្រាក់ក្នុងការធ្វើដំណើររយៈពេលមួយខែ ខណៈដែលការសាងសង់សម្រេចបាន៩៥ភាគរយហើយ។
នេះបើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ខណៈដែលលោកអញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្លូវល្បឿនលឿនដំបូងនៅកម្ពុជានេះ៕
ដោយ ៖ សិលា