ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ នៅល្ងាចថ្ងៃពុធទី២០ ខែកក្កដា ឆ្នាំ២០២២នេះថា៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី២០ ខែកក្កដានេះ បានឱ្យដឹងថា ចំនួនគោលដៅសរុប ១៨១គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥,៥៤០គ្រឿង ម៉ូតូ ៤,៣៧៩គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២៨១គ្រឿង មានម៉ូតូចំនួន ២៥១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ។
ជាមួយគ្នានេះ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានបញ្ជាក់ថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ បណ្តាលឱ្យមនុស្សស្លាប់ ១នាក់ របួសធ្ងន់ ១នាក់ របួសស្រាល ១នាក់ (ស្រី ១នាក់) ។ ដូច្នេះសូមគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង !
គួរបញ្ជាក់ថា ករណីគ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ៣នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ២លើក ៕
ដោយ៖ស តារា(រូបភាព៖ ឯកសារ)