ភ្នំពេញ ៖ ជាការឆ្លើយតបទៅនឹង ច្បាប់ទីផ្សារឌីជីថលដែលបានអនុម័តដោយក្រុមប្រឹក្សាសហភាពអឺរ៉ុបកាលពីដើមសប្តាហ៍នេះ Google បានប្រកាសថា ឥឡូវនេះពួកគេនឹងអនុញ្ញាតឱ្យអ្នកអភិវឌ្ឍន៍កម្មវិធីមិនមែនហ្គេម អាចប្រើប្រាស់ប្រព័ន្ធទូទាត់របស់ភាគីទីបីនៅក្នុងតំបន់សេដ្ឋកិច្ចអឺរ៉ុប (EEA) រួមទាំង ប្រទេសក្នុងសហភាពអឺរ៉ុប អុីស្លង់ លិចតិនស្តាញ និងន័រវេស។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹង ពី អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិ នៅព្រលប់ថ្ងៃទី 20 ខែកក្កដាឆ្នាំ 2022 ។
អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិ បានបន្តថា, Google នឹងកាត់បន្ថយកម្រៃសេវាកម្មរបស់ខ្លួនចំនួន ៣% សម្រាប់ការទិញក្នុងកម្មវិធីដែលធ្វើឡើងតាមរយៈប្រព័ន្ធទូទាត់ភាគីទីបីនៅក្នុង EEA។ Google និយាយថាគោលការណ៍នេះមានន័យថា ៩៩% នៃអ្នកអភិវឌ្ឍន៍នឹងត្រូវបានគិតថ្លៃសេវា ១២% នៅពេលដែលអតិថិជនបញ្ចប់ប្រតិបត្តិការតាមរយៈដំណើរការទូទាត់ភាគីទីបី ធៀបនឹង ១៥% តាមរយៈប្រព័ន្ធទូទាត់របស់ Google Play ។ ក្រុមហ៊ុនបានបញ្ជាក់ថែមទៀតថា កម្រៃសេវាកម្មនេះគឺសម្រាប់គាំទ្រដល់ការវិនិយោគរបស់ក្រុមហ៊ុននៅក្នុង Google Play និង Android។
គួរបញ្ជាក់ដែរថា សម្រាប់អ្នកអភិវឌ្ឍន៍កម្មវិធីនៅក្នុងប្រទេសផ្សេងទៀត រួមទាំងសហរដ្ឋអាមេរិក ត្រូវបន្តប្រើប្រាស់កម្មវិធីទូទាត់វិក្កយបត្ររបស់ក្រុមហ៊ុន សម្រាប់កម្មវិធីទាំងអស់ដែលបានចែកចាយតាមរយៈ Google Play។ សម្រាប់ក្រុមហ៊ុន Apple វិញនោះពួកគេមិនទាន់ប្រកាសអំពីផែនការ សម្រាប់ការទូទាត់វិក្កយបត្រតាមរយៈភាគីទីបីនៅឡើយទេ៕
ដោយ ៖ សិលា