ព័ត៌មានទាន់ហេតុការណ៍៖

ក្បួនទម្រង់ការ” អាពាហ៍ពិពាហ៍”(តចប់)

ចែករំលែក៖

(តពីលេខមុន)

 ជើងទី៣: គេឲ្យអ្នកផ្លូវទៅដណ្ដឹងស្រេច មុននឹងទៅគេជូនព័ត៌មានដល់ខាងស្រីដូចមុន។ កាលខាងស្រីកំណត់ពេលហើយ ខាងប្រុសគេរកអ្នកផ្លូវស្រីបីនាក់ប្រុសបីនាក់ចាស់ពីរនាក់ក្មេងមួយនាក់ហៅថា” មហា” ឲ្យនាំរណ្ដាប់ថង់រង ១ គូ ស្លា ម្លូ ថ្នាំ ស្លាជ្វា ទៀន ស្រា ចេកទុំ អន្សម នំគមនំបត់ នំបង់ខ្លាញ់ នំកន្ត្រំ នំក្រូចអង្ករ ត្រីសាច់ បន្លែ និងផ្លែឈើផ្សេងៗជាគូ ព្រមទាំងគ្រឿងមាសពេជ្រនិងគ្រឿងស្លៀកពាក់ទៅជូនខាងស្រីជារបស់បញ្ចាំចិត្ត។ លុះជួបជុំហើយអ្នកផ្លូវពាក់អាវពណ៌ក្រហមជម្រាបថា លោកអ្នកឈ្មោះនេះ បានពឹងខ្ញុំឲ្យនាំបណ្ដាការមកជូនលោកមេបា សូមនិយាយមង្គលការ ហើយក៏និយាយតាមទម្លាប់ជាហូរហែទៅ។ ចប់ហើយមានការបង្ហាញរូបកូនប្រុសកូនស្រី ដល់ទីប្រជុំបែបនេះហៅថា ស៊ីស្លាបញ្ចប់ពាក្យ ។

 សម័យបុរាណ  ការស៊ីស្លាបញ្ចប់ពាក្យហើយ គេតែងឱ្យកូនប្រុសទៅបម្រើម្ដាយក្មេក ឪពុកក្មេកដរាបដល់ថ្ងៃរៀបការ។

  ផ្នែកទី៤ : ជូនជំនូន

 របៀបជូនជំនូនតាមទំនៀមបុរាណក្នុងក្បួនទ្រទ្រង់ កាលដែលព្រះជ័យជេស្តារាមាឥសូរ ទ្រង់តែងទុកនោះថា ត្រូវបង្គាប់យ៉ាងដូច្នេះ:

  បណ្ដើរការធំ  រណ្ដាប់ស្លាជ័យ  បណ្តាការស្លាកំណត់  រណ្ដាប់ប្រសព្វមុខការធំ បណ្តាការថង់រង  រណ្ដាប់ប្រសព្វមុខការកំណត់  បណ្តាការស្លាកន្សែង រណ្ដាប់ប្រសព្វមុខគោះថង់រង  បណ្តាការស្លាដក់  ចំនួនប្រាក់ខាន់ស្លា  រណ្ដាប់ស្លាព្រះពរ  ប្រាក់សម្រាប់ទឹកដោះ  ក្បួនទម្រង់ការនោះ  មានរាយចំនួនបណ្ដាការ ចំនួនរណ្តាប់ដូចរៀបរាប់ខាងលើ ការជូនជំនូនគេតែងជូនតាមរបៀបនេះ។

  ថ្នាក់ទី២ : ពេលធ្វើអាពាហ៍ពិពាហ៍ ÷

  ពិធីអាវាហវិវាហមង្គលការខ្មែរសម័យបុរាណមាន៣ថ្ងៃគឺ÷

  ក.ថ្ងៃទី១ ចូលរោង

  ខ.ថ្ងៃទី២ ស៊ីកំណត់

  គ.ថ្ងៃទី៣ សំពះ ដូចរៀបរាប់តទៅនេះ

ក).ថ្ងៃទី១ ចូលរោង : ក្នុងថ្ងៃនេះអ្នកដើមការខាងប្រុស គេប្រមូលញាតិមិត្ត នាំបណ្តាការផ្សេងៗទៅផ្ទះការនិយាយសុំអនុញ្ញាតកិច្ចការផ្សេងៗអំពីមេបាខាងស្រីគឺ សជណ្តើរឡើង សុំព្រៃរកអុស សកំពង់ដងទឹក សុំដីជីកគុក ជីកជើងចង្រ្កាន សង់រោងផ្កាស្លា សង់រានទេវតា សនសាមីខ្លួន និងភស្តុភា បណ្តាការមកចូលរោងការ ហើយគេចាត់ចែងកិច្ចការសព្វគ្រប់តាមទំនៀមតទៅ។

 ខ).ថ្ងៃទី២ ស៊ីកំណត់: ក្នុងថ្ងៃនេះ ម៉ោង៧ព្រឹក គេសែនដូនតាស៊ីស្លាកំណត់។ ឯថ្ងៃរសៀលគេកាត់សក់ឲ្យកូនប្រុស ស្រី បើកូនស្រីទុកបួង គេកាត់តែខាងកូនប្រុស។ ហែកូនប្រុសទៅប្រាប់អ្នកតាចាស់ស្រុកដល់ខ្ទម ធ្វើពលិកា ក្រុងពាលីក្បែររោងផ្កាស្លា។ សូត្រមន្តផ្សេងៗ គ្នា ប្រុសនៅរោងផ្កាស្លា ស្រីនៅផ្ទះការតែម្តង។ ម៉ោង៧យប់លាងភ្ញៀវ។ ម៉ោង១០យប់ គេយកស្រីជំទង់៤នាក់ ប្រុសជំទង់៤នាក់ និមហាធំ២នាក់ឲ្យរៀបផ្លែឈើ គឺខ្ចប់នំកញ្ចប់ៗ ទុកជូនមេបាម៉ោង ១២ យប់ គេបុកលក្ខណ៍ធ្វើធ្មេញជាវឬកាត់ខាន់ស្លាជាប្រាក់សុទ្ធមួយណែនទំងន់ ១៦៛០០។ទៀបភ្លឺ គេរកស្រីបីនាក់ដែលមានគូស្រករនៅរស់មានខាន់ស្លាឱ្យរៀបដោតផ្កាស្លាត្រឹមត្រូវ ហើយយកខ្ពបស្លាសូត្រមន្តពីថ្ងៃរសៀលនោះមកដោតជាបីដុំគឺ ផ្កាស្លាទី១ ដោតស្លា ២១ ផ្លែ ម្លូ២១ សន្លឹកតាមចំនួនគុណឪពុក ទី២ ដោតស្លា ១២ ផ្លែ ម្លូ១២ សន្លឹកតាមចំនួនគុណម្ដាយ ទី៣ ដោយ ស្លា ៦ ផ្លែ ម្លូ ៦សន្លឹកតាមចំនួនគុណបង។ល។

 គ). ថ្ងៃទី៣ សំពះ

  ក្នុងថ្ងៃនេះវេលាភ្លឺស្រាងៗអាចារ្យកាន់ពេលាននាំកូនប្រុសសំពះរានទេវតានៅមុខរោងផ្កាស្លា ឲ្យអង្គុយលើត្បាល់ផ្កាប់ ឬកៅអីចាំពេលវេលានៅទីនោះដល់ហើយ គេដង្ហែកូនប្រុសទៅសំពះនៅផ្ទះការ ពេលនោះកូនប្រុសស្លៀកសំឡុយ ពាក់អាវផាយ កូនស្រីបួងសក់ពាក់របៃ ពាក់ស្បៃ ទោះបីពីដើមធ្លាប់កាត់សក់ ដល់ពេលសំពះនេះ គេតែងរកចំណងសក់មកចងបួងជាថ្មី ហើយគេឲ្យហូតដៃផ្ទឹមសំពះ អ្នកច្រៀងកាន់ដាវរាំបាយខុន សួស្តីជ័យហោង សួស្តិ៍ហោង មែនហោង សំពះរួចកូនស្រីងើបឡើងឈរមុខរកកូនប្រុស កូនប្រុសតោងជាយស្បៃកូនស្រីចូលបន្ទប់ផ្លាស់សំលៀកបំពាក់ថ្មីហើយចេញមកទីប្រជុំវិញ។ លំដាប់នោះមានការកាន់ដាវច្រៀងរាំសាកន្ទេលហើយគេនាំកូនប្រុសស្រីទៅផ្ទឹមនៅរោងផ្កាស្លាទៀត ដើម្បីតម្រូវតាមពាក្យថា អាវាហមង្គល នាំស្រីទៅការផ្ទះខាងប្រុស វិវាហមង្គល នាំប្រុសទៅការឯផ្ទះខាងស្រី រួចហើយគេរៀបលៀងភ្ញៀវនៅព្រឹកនោះទៀត។ សម័យបុរាណគេរៀបលៀងភ្ញៀវធំ២លើក នៅល្ងាចថ្ងៃស៊ីកំណត់១លើក ព្រឹកថ្ងៃសំពះ១លើក។

  ពេលយប់ពេលថ្ងៃសំពះរវាងម៉ោង ៧ ទៅ ៨ យប់ គេរៀបពិធីផ្សំដំណេកនៅទីកន្លែងកូនប្រុសស្រីដេក ពិធីនេះគេយកស្រីចាស់ពីរនាក់ជាញាតិខាងកូនស្រី ជាអ្នកមិនអភ័ព្វគូ ចេះដឹងរឿងនេះឲ្យជាអ្នកផ្សំដំណេកឱ្យ ដោយមានចំអាបមួយថាស បង្អែមមួយថាស ដូងខ្ចី១ បាយសី១ គេអុជទៀនធូបសែនដូនតា ហើយដួសទឹកដូងបញ្ចុកកូនប្រុស ៣ ស្លាបព្រាកូនស្រី ៣ ស្លាបព្រារួចហើយឲ្យកូនស្រីបកចេកបញ្ចុកកូនប្រុស កូនប្រុសបញ្ចុកកូនស្រីជានិមិត្តរូបនៃការឱ្យចេះស្រឡាញ់គ្នារហូតមួយជីវិត រួចហើយចាស់ៗនាំគ្នាចាកចេញ។

ថ្នាក់ទី៣: ក្រោយពេលធ្វើអាពាហ៍ពិពាហ៍ :

  ក្រោយថ្ងៃសំពះបីថ្ងៃ គេនាំគូស្វាមីភរិយាថ្មីយកផ្កាស្លាចបច្បងនិងចំអាបមួយថាស បង្អែមមួយថាស ស្លាបារីទៅថ្វាយបង្គំសុំពរពីព្រះសង្ឃអាវត្ត ឲ្យលោកបាចផ្កាស្លាប្រសិទ្ធពរជ័យឲ្យបានសុខចម្រើនតទៅ។

  ជាពិសេសថ្ងៃក្រោយៗមកទៀតគេនាំកូនប្រុសស្រីទៅសួរញាតិមិត្តជិតឆ្ងាយ ទាំងខាងប្រុសទាំងខាងស្រី ដើម្បីឱ្យញាតិបានស្គាល់៕(ចប់ដោយសង្ខេប)

 

ពិនិត្យស្រាវជ្រាវតាមច្បាប់ដើមដោយ÷ ចៅតាជេត


ចែករំលែក៖