ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ លោក ឡង គីសឹង អភិបាលស្រុកសន្ទុក តំណាងដ៏ខ្ពង់ខ្ពស់របស់លោកងួន រតនៈ អភិបាលខេត្តកំពង់ធំ លោកអធិការស្រុក នាយប៉ុស្តិ៍រដ្ឋបាលឃុំក្រយា លោកមេឃុំបានពាំនាំអំណោយសាខាកាកបាទក្រហមកម្ពុជាស្រុកសន្ទុកយកទៅចែកជូនដល់គ្រួសារដែលភ្លើងឆេះផ្ទះនៅស្រុកសន្ទុក ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ មានករណីភ្លើងឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងឈ្មោះ សឿន ម៉ៅអាយុ៤២ឆ្នាំ ប្រពន្ឋឈ្មោះ សន ចន្ថា អាយុ៤០ឆ្នាំ ផ្ទះមានទំហំ០៤ម៉ែត្រ×០៥ម៉ែត្រ ធ្វើអំពីឈើ ដំបូលប្រក់ស្បូវ និងទ្រព្យសម្បត្តិមួយចំនួន ត្រូវបានអគ្គិភ័យលេបត្របាក់យកអស់គ្មានសល់ ដែលបណ្តាលមកពីផ្ទុះកំប៉ុងហ្គាស នៅភូមិត្រពាំងឫស្សី ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
លោក ឡង គីសឹង អភិបាលនៃគណៈអភិបាលស្រុកសន្ទុកបានមានប្រសាសន៍ថា ដោយមានការអាណិតអាសូរជាពន់ពេកដល់ម្ចាស់ផ្ទះដែលត្រូវភ្លើងឆេះអស់ទាំងស្រុងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិទាំងមូល។ ហេតុនេះហើយដោយមានការយកចិត្តទុកដាក់បំផុតពីថ្នាក់ដឹកនាំជួយដល់គ្រួសារដែលភ្លើងឆេះផ្ទះមានជីវភាពខ្វះខាត ដោយយើងផ្តល់ជាអំណោយមនុស្សធម៌ និងជួយពិតប្រាកដនៅគ្រប់ទីកន្លែង ដោយមិនមានការប្រកាន់នូវនិន្នាការនយោបាយ ពណ៌សម្បុរ សាសនា នោះទេ។ ទីណាមានទុក្ខលំបាក ទីនោះមានសាខាកាកបាទក្រហមកម្ពុជាស្រុកសន្ទុកចុះជួយដល់មូលដ្ឋាន។
គួរបញ្ជាក់ផងដែរថា អំណោយដែលផ្ដល់ជូនដល់គ្រួសារភ្លើងឆេះផ្ទះរួមមាន៖ អង្ករ៤បេ ទឹកត្រី២យួរ ទឹកសុីអុីវ២យួរ សាប៊ូមួយធុង មី២កេស ប្រេងឆា២ដបធំ តង់ចំនួន១ ចាន២ឡូ ស្លាបព្រា២ឡូ កន្ទេលជ័រ២ និងថវិកាមួយចំនួនផងដែរ៕
ដោយ៖ សហការី(កំពង់ធំ)