ព័ត៌មានទាន់ហេតុការណ៍៖

ជំនន់ទឹកភ្លៀងបណ្តាលឱ្យលិចផ្សារវាលយន្ត ក្រុងស្វាយរៀងក្នុងរយៈពេលខ្លី ដោយសារអាជ្ញាធរមូលដ្ឋានចុះអន្តរាគមន៍កាយសំរាមដែលនៅស្ទះមាត់លូ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ភ្លៀងធ្លាក់ជាប់ៗគ្នារយៈពេល ៣ ថ្ងៃគឺចាប់ពីថ្ងៃទី១៩រហូតដល់ថ្ងៃ២១ខែកក្កដាឆ្នាំ២០២២នេះ បណ្ដាលឲ្យផ្សារវាលយន្តក្រុងស្វាយរៀង តាមផ្លូវនានា ស្រូវព្រោះ មួយចំនួនរបស់ប្រជាពលរដ្ឋបានជន់លិចដោយជំនន់ទឹកភ្លៀងនៅខេត្តស្វាយរៀង។

បងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាស្រុក ក្រុង នៅខេត្តស្វាយរៀងបានឲ្យដឹងថា ភ្លៀងរយៈពេល ៣ ថ្ងៃនេះបានធ្វើឲ្យជន់លិច ស្រូវព្រោះ ផលដំណាំ ជាពិសេសផ្លូវនានាមួយចំនួនពិបាកធ្វើដំណើរដោយមានសភាពរអិលខ្លាំងផងដែរ។

ជាមួយគ្នានេះផ្សារវាលយន្តក្រុងស្វាយរៀងដែលជាទីផ្សារដ៏ធំមួយ ក៏បានជន់លិចដែលធ្វើឱ្យអាជីវករពិបាកលក់ដូរ ហើយជំនន់ទឹកភ្លៀងនេះពុំបានជន់លិចយូរនោះទេ ព្រោះអាជ្ញាធរមន្ទីរដែលពាក់ព័ន្ធបានរៀបចំប្រព័ន្ធលូនៅតាមផ្លូវក្នុងក្រុងស្វាយរៀងធំទូលាយជាងមុន ដែលអាចរំដោះទឹកបានក្នុងរយៈពេល២ទៅ៣ម៉ោងប៉ុណ្ណោះ។

ទោះបីយ៉ាងណាអាជ្ញាធរក្រុងស្វាយរៀងបានដាក់កម្លាំងកាយសំរាមដែលនៅស្ទះមាត់លូ ដើម្បីបញ្ជៀសការស្ទះលូផងដែរ ហើយចំពោះការជន់លិចស្រូវព្រោះរបស់ប្រជាពលរដ្ឋនៅតាមបណ្ដា ស្រុក ក្រុងមួយចំនួននៅខេត្តស្វាយរៀង ប្រជាពលរដ្ឋបានដាក់ម៉ាសុីនបូមទឹកចេញពីស្រែ តែដោយសារជំនន់ទឹកភ្លៀងធ្លាក់លិចដីស្រែច្រើន ធ្វើឲ្យស្រូវព្រោះរបស់ពលរដ្ឋខ្លះរលួយនិងមិនដុះ ជាហេតុធ្វើឱ្យប្រជាពលរដ្ឋបង្ខំចិត្តរង់ចាំទឹកស្រក ទើបព្រោះស្រូវម្ដងទៀត។

ចំពោះស្ថានភាពព្រោះស្រូវនិងស្ទូងស្រូវ របស់ប្រជាពលរដ្ឋនៅខេត្តស្វាយរៀងនៅតាមបណ្តាស្រុកក្រុងខ្លះក៏បានព្រោះស្រូវរួចរាល់ហើយដែរ និងស្រុកខ្លះទៀតទៀតគឺកំពុងព្រោះស្រូវ ដោយសារទើបតែទទួលបានរបាយទឹកភ្លៀងធ្លាក់ប៉ុន្មានថ្ងៃនេះតែប៉ុណ្ណោះហើយសម្រាប់ខេត្តស្វាយរៀងការស្ទូងស្រូវរបស់ប្រជាពលរដ្ឋពុំសូវឃើញទៀតនោះទេ ឃើញតែពលរដ្ឋធ្វើស្រូវពង្រោះ ព្រោះពលរដ្ឋចាត់ទុកថា ការព្រោះស្រូវចំណេញពេលវេលាជាងការស្ទូងស្រូវដែលប្រើពេលយូរ ហើយពិបាករកកំលាំងពលកម្មដោយសារខេត្តស្វាយរៀង ពលរដ្ឋមួយចំនួនធំបានចូលធ្វើការងារនៅតាមរោងចក្រសហគ្រាស ដូច្នេះពុំសូវមានអ្នកចាប់អារម្មណ៍ស្ទូងស្រូវទៀតនោះទេ។

សូមបញ្ជាក់ថា យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថាស្ថានភាព​ភ្លៀង​ធ្លាក់​រាយប៉ាយ ពី​មធ្យម​ដល់​ច្រើន នៅក្នុង​ក្របខ័ណ្ឌ ទូទាំងប្រទេស ដោយសារ​ឥទ្ធិពល​ជ្រលង នៃ​ប្រព័ន្ធ​សម្ពាធ​ទាប និង​ខ្យល់មូសុង​និរតី កម្រិត​បង្គួរ បន្ត​មាន​ដល់​ថ្ងៃទី​២១ ខែកក្កដា ទើប​ចុះខ្សោយ​បន្តិច​វិញ ក្រោយពេល​ប្រព័ន្ធ សម្ពាធ​ទាប នៅលើ​ប្រទេស​ថៃ ឡាវ និង វៀតណាម បាន​រំ​កិលឡើងទៅ​ខាងលើ (​ជើង​) បន្តិច​វិញ ៕

ដោយ៖យឹម សុថាន


ចែករំលែក៖