ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ដោយទទួលបាននូវសេចក្តីរាយការណ៍អំពីគ្រួសារស្ត្រីចំណាស់ម្នាក់ ឈ្មោះ ព្រៀវ វណ្ណារុំ អាយុ៦០ឆ្នាំ រស់នៅផ្ទះជួល ក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ដែលជាស្រ្តីមេម៉ាយត្រូវបានកូនៗ ទម្លាក់បន្ទុកឱ្យចិញ្ចឹមចៅ៤នាក់ បានជួបនូវបញ្ហាខ្វះខាត ទើបលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ក្រុមការងារដឹកនាំដោយ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខនិងនាំយកអំណោយទៅប្រគល់ជូនដល់ស្ត្រីមេម៉ាយរូបនេះដល់ផ្ទះជួល។
អំណោយដែលបានយកទៅប្រគល់ជូនដល់ស្ត្រីមេម៉ាយមានវ័យចំណាស់នេះ រួមមានថវិកាចំនួន៥០០,០០០រៀល, អង្ករ២ការ៉ុង, មី២កេស, ត្រីខ១យួរ, ទឹកស៊ីអុីវ១យួរ, ទឹកត្រី១យួរ, ទឹកសុទ្ធ១កេស, ទឹកដោះគោ២កេស, ភេសជ្ជៈ១កេស, សាច់ជ្រូកផាត់កន្លះគីឡូក្រាម, ត្រីងៀត១គីឡូក្រាម,សាច់ក្រក១គីឡូក្រាម, សៀង១យួរ, មុង១, ភួយ១, កន្សែង១ និងសម្ភារក្មេងលេងមួយចំនួនទៀត សម្រាប់ជាការចែករំលែកជួយសម្រាលបន្ទុកដល់គាត់ផងដែរ៕
ដោយ ៖ សិលា