ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្ត​កំពង់ស្ពឺ ​៖​ នៅទូទាំងខេត្តកំពង់ស្ពឺមាន៨ក្រុង-ស្រុកមានចម្ការមីនចំនួន៥៥៦ចម្ការលើផ្ទៃដីសរុបចំនួន ៦៦.៨៦១.១៥៦០២ម៉ែត្រការ៉េ

ចែករំលែក៖

ខេត្ត​កំពង់ស្ពឺ​៖​ លោក​ វ៉ី​ សំណាង​ អភិបាល​នៃ​គណៈអភិបាលខេត្តកំពង់ស្ពឺ​ បានឱ្យដឹង​នៅព្រឹកថ្ងៃ​សៅរ៍​ទី​២៣​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ នៅទូទាំងខេត្តកំពង់ស្ពឺមាន៨ក្រុង-ស្រុកមានចម្ការមីនចំនួន៥៥៦ចម្ការលើផ្ទៃដីសរុបចំនួន ៦៦.៨៦១.១៥៦០២ម២។ 

   អភិបាលខេត្ត​រូបនេះ​បានបញ្ជាក់ថា​ ក្នុងនោះ៖

-ចម្ការមីនចំនួន៤០៦ចម្ការ ផ្ទៃដីមានមីនសរុបចំនួន ៤៥.៦៥៨.៤៩១ ម២ ។

-ចម្ការគ្រាប់បែក គ្រាប់បែកចង្កោម ៨៥ចម្ការ ផ្ទៃដី១២.៣៦៦.៥៧៨ ម២ និង

-សំណល់ជាតិផ្ទុះពីសង្គ្រាម៦៥ចម្ការ លើផ្ទៃដី ៨.៨៣៦.០៨៧ ម២។

    ជាលទ្ធផលការបោសសម្អាតមីនគិតចាប់ពីឆ្នាំ១៩៧៩ ដល់ខែកក្កដា ឆ្នាំ២០២២នេះ ទូទាំងខេត្តកំពង់ស្ពឺ ចម្ការមីន ចម្ការគ្រាប់បែក គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមមានចំនួន១៦៨ចម្ការត្រូវបានបោសសម្អាតរួចរាល់មានផ្ទៃដីសរុបចំនួន ១៣.៦៥១.៣៧៦ម២/៦៦.៨៦១.១៥៦ម២ ស្មើនឹង២០,៤១% និងរកឃើញមីនប្រឆាំងមនុស្សចំនួន២.២២៧គ្រាប់ មីនតោនចំនួន១១គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម៣.២៤៧គ្រាប់។ 

   ដោយឡែកលទ្ធផលបោសសម្អាតមីនក្នុងភូមិវាល ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយមានជំនួយពីអង្គការខ្មែរថែមអន្តរជាតិ អាជ្ញាធរមីនកម្ពុជាបានប្រគល់ភារកិច្ចជូនមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាមបានធ្វើការបោសសម្អាតចម្ការមីន ២ទីតាំង មានទំហំ ៤៩.៨៥៣ម៉ែត្រការ៉េ ចាប់ផ្តើមពីថ្ងៃទី ១៤-២៧ ខែមិថុនា ឆ្នាំ២០២២ ជាលទ្ធផលរកឃើញមីនប្រឆាំងមនុស្សចំនួន៧គ្រាប់ សំណល់ជាតិផ្ទុះពីសង្គ្រាម៤គ្រាប់ និងអំបែងចំនួន ២២០បំណែក។ 

   លោក​ វ៉ី​ សំណាង​ បានបញ្ជាក់បន្ថែមថា​ជាក់ស្ដែងថ្ងៃនេះ ( ២៣ កក្កដា ឆ្នាំ២០២២ ) យើងបានប្រារព្ធពិធីអបអរសាទរការប្រកាសភូមិវាល ជាភូមិអស់មីន ក្នុងឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ ដែលបង្ហាញអំពីលទ្ធផល  និងជោគជ័យលើការងាររំដោះផ្ទៃដីជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ ក៏ដូចជាប្រកបរបរអាជីវកម្មផ្សេងៗប្រកបដោយសុវត្ថិភាព៕

ដោយ​៖សហការី​


ចែករំលែក៖