ភ្នំពេញ ៖ សូមសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវស៊ើបអង្កេតរបស់សមត្ថកិច្ច ឈានដល់ បុរសជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វា រត់គេចពីប្រទេសថៃ ចូលមកប្រទេសកម្ពុជានោះ ត្រូវបានកម្លាំងសមត្ថកិច្ចរកឃើញ និងឃាត់ខ្លួននៅព្រលប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ នៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ នេះបើតាមលោក កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ថ្លែងប្រាប់ នៅមុននេះបន្ដិច។
ក្រោយពីពេលឃាត់ខ្លួន ជនជាតិនីហ្សេរីយ៉ារូបនេះ ត្រូវបានប្រគល់ជូនមន្ដ្រីជំនាញរបស់ក្រសួងសុខាភិបាល ដើម្បីអនុវត្តវិធានការបន្ដ។
សូមបញ្ជាក់ថា , ប្រសិនបានឃើញ សូមរាយការណ៍មកសមត្ថកិច្ចបន្ទាន់ នេះជាសារបន្ទាន់របស់ លោក គួច ចំរេីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ស្តីពី ករណីបុរសជនជាតិនីហ្សេរីយ៉ា ម្នាក់ដែលកេីតជំងឺ អ៊ុតស្វា បានរត់គេចពីការគ្រប់គ្រងរបស់អាជ្ញាធរនៃព្រះរាជាណាចក្រថៃ ចូលមកកាន់ខេត្តព្រះសីហនុ ។ នេះបើយោងតាមផេក facebook ដែលមានឈ្មោះថា (ប្រជាជនខេត្តព្រះសីហនុ) បានបង្ហោះនៅរសៀលថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២២។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានបញ្ជាក់លើផេក facebook របស់លោកនៅរសៀលថ្ងៃនេះយ៉ាងដូច្នេះផងដែរថា, អុតស្វាមកដល់ថៃហើយ ! អាជ្ញាធរថៃកំពុងតាមប្រមាញ់បុរសសញ្ជាតិនីហ្សេរីយ៉ា អាយុ ២៧ ឆ្នាំម្នាក់ ឈ្មោះ Osmond Chihazirim Nzerem ដែលកើតរោគអុតស្វា តែបានបាត់ខ្លួនមិនអាចទាក់ទងបាន – ក្នុងរូប មន្ត្រីពេទ្យក្នុងខេត្តភូកេត សម្អាតខុនដូដែលឈ្មោះ Osmond បានស្នាក់នៅ ។
ចុងក្រោយទើបទទួលដំណឹងថា, សមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសលោកនេះនៅមុននេះបន្តិច តាមរយៈការបញ្ជាក់ពីលោក កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ៕
ដោយ ៖ សហការី