ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី ហា ធីង៉ា សមាជិកគណៈកម្មាធិការកណ្តាលមជ្ឈឹមបក្សកុម្មុយនីស្ត វៀតណាម និងប្រធានសហព័ន្ធនារីវៀតណាម ចូលជួបសម្តែងការគួរសមនៅពេលដែលលោកជំទាវ ដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។
លោកស្រី ហា ធីង៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាដ៏មមាញឹកនិងមានតម្លៃរបស់សម្តេច អនុញ្ញាតឲ្យគណៈប្រតិភូបានចូលជួបសម្តែងការគួរសមនាឱកាសនេះ។ លោកស្រី បានជម្រាបសម្តេចប្រធានរដ្ឋសភាពីលទ្ធផលការងារដែលសហព័ន្ធនារីវៀតណាម បានសម្រេចបាននាពេលកន្លងមកនៅក្នុងនោះមានកិច្ចសហប្រតិបត្តិការដ៏ល្អរវាងសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងការអភិវឌ្ឍដែលទើបបញ្ចប់កិច្ចសហប្រតិបត្តិការជាមួយគ្នាពីឆ្នាំ២០១៧ដល់ឆ្នាំ២០២២ និងត្រៀមចុះកិច្ចសហប្រតិបត្តិការ ៥ឆ្នាំបន្តទៀត។
លោកស្រីប្រធានគណៈប្រតិភូបានជម្រាបសម្តេចប្រធានរដ្ឋសភាថា នៅក្នុងរដ្ឋសភាប្រទេសវៀតណាម ដែលមានសមាជិកចំនួន ៤៩៩នាក់ មានសមាជិកជានារីចំនូន១៥១នាក់ ដែលស្មើរប្រមាណជាង៣០%។ លោកស្រី ហា ធីង៉ា បានគោរពស្នើសូម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បង្កលក្ខណៈងាយស្រួលដល់កិច្ចសហប្រតិបត្តិការរវាងសមាជិករដ្ឋសភាកម្ពុជាជាស្រ្តីនិងសហព័ន្ធនារីវៀតណាមនៅក្នុងការផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នានាពេលអនាគត។
ក្នុងនាមរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានសេចក្តីសោមនស្សរីករាយ សូមស្វាគមន៍ លោកស្រី ហា ធីង៉ា និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ។ ដំណើរទស្សនកិច្ចនេះពិតជារួមចំណែកដល់ការពង្រឹងទំនាក់ទំនង មិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងបក្ស រដ្ឋ និងប្រជាជនប្រទេសទាំងពីរ។ សម្តេចបានអបអរសាទរលោកស្រី ដែលបានជាប់ឆ្នោតសារជាថ្មី ជាប្រធានសហព័ន្ធនារីវៀតណាម សម្រាប់អាណត្តិទី១៣ ឆ្នាំ២០២២-២០២៧ ផងដែរ។
សម្តេចប្រធានរដ្ឋសភាបានមានប្រសាសន៍លើកឡើងថា វត្តមានស្រ្តីនៅក្នុងវិស័យនយោបាយ និង កិច្ចការសង្គមទូទៅ ទាំងនៅវៀតណាម និងកម្ពុជា មិនត្រឹមតែជួយលើកកម្ពស់សិទ្ធនារី និងការជំរុញលើកកម្ពស់សមភាពយ៉េនឌ័រ ដែលជារបៀបវារៈនយោបាយដ៏សំខាន់របស់សកលលោកបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែការរួមចំណែកយ៉ាង សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិរបស់ខ្លួន និងសកលលោកផងដែរ។ វត្តមានស្រ្តី នៅក្នុងវិស័យកិច្ចការសង្គមនយោបាយ ជាកម្លាំងស្នូល និងជាឆ្អឹងខ្នងដ៏សំខាន់មិនអាចខ្វះបានក្នុងការរួមចំណែកថែរក្សាសន្តិភាពសណ្តាប់ធ្នាប់សង្គម ជាពិសេស ជួយជំរុញកំណើនសេដ្ឋកិច្ចសង្គម ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសង្កត់ធ្ងន់ថា នៅកម្ពុជា វត្តមានស្ត្រី ទាំងក្នុងក្របខណ្ឌបក្ស រដ្ឋ និងវិស័យឯកជន ត្រូវបានលើកកម្ពស់ជាមួយនិងបរិមាណ កំណើនគួរឱ្យកត់សំគាល់ នៅស្ទើរគ្រប់វិស័យសាធារណៈ ទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ។ ឆ្លៀតឱកាសនោះ សម្តេចបានគាំទ្រ និងលើកទឹកចិត្តក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀង រវាងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ និងសហព័ន្ធនារីវៀតណាម ឱ្យបានកាន់តែល្អថែមទៀត៕
ដោយ ៖ សិលា