ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីប្រកាសថា បានបំផ្លាញកាំជ្រួចមីស៊ីល HIMARS ដែលអាមេរិកផ្តល់ឱ្យអ៊ុយក្រែន

ចែករំលែក៖

ក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃទី២៥ខែកក្កដាបានប្រកាសថា រុស្ស៊ីបានវាយប្រហារកម្ទេចឃ្លាំងអាវុធដែលអាមេរិកផ្តល់ឱ្យអ៊ុយក្រែន ក្នុងនោះមានអាវុធធុនធ្ងន់ ។
សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០២២ បានផ្សាយថា ក្នុងពេលនេះដែររុស្ស៊ី ក៏បានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធកំពង់ផែតំបន់ Mykolaiv នៅភាគខាងត្បូងអ៊ុយក្រែន។ អភិបាលតំបន់ ម៉ាយកូលីវ (Mykolaiv) លោក អូឡេកសាន់ដឺ សេនកេវិច (Oleksandr Senkevich) បាននិយាយនៅថ្ងៃអង្គារនេះថា កងកម្លាំងរុស្ស៉ីបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធកំពង់ផែរបស់តំបន់ Mykolaiv ដែលស្ថិតនៅភាគខាងត្បូងប្រទេសអ៊ុយក្រែន។
ថ្លែងតាមទូរទស្សន៍រដ្ឋអ៊ុយក្រែន លោក សេនកេវិច បាននិយាយថា «ការបាញ់មីស៉ីលដ៏សម្បើមមួយចេញពីសមុទ្រខ្មៅ បានសំដៅមកលើភាគខាងត្បូងអ៊ុយក្រែន តាមរយៈការប្រើប្រាស់យន្តហោះ» ប៉ុន្តែលោក សេនកេវិច មិនបានបញ្ជាក់លម្អិតអំពីផលប៉ះពាល់ ដែលកើតឡើងក្រោយការវាយប្រហារនោះទេ។ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន រុស្ស៉ីបានវាយប្រហារកំពង់ផែទីក្រុង អូដេសា (Odesa) ដែលស្ថិតនៅឯភាគខាងត្បូងរបស់អ៊ុយក្រែនដូចគ្នា ដែលនាំឱ្យមានក្តីបារម្ភចំពោះគម្រោងនៃការនាំចេញ គ្រាប់ធញ្ញជាតិពីអ៊ុយក្រែន។
កិច្ចព្រមព្រៀងដើម្បីនាំចេញគ្រាប់ធញ្ញជាតិ ត្រូវសម្រេចបានកាលពីសប្តាហ៍មុន ក្នុងគោលបំណងអនុញ្ញាតឱ្យមានការធ្វើដំណើរប្រកបដោយសុវត្ថិភាព សម្រាប់ការដឹកជញ្ជូនគ្រាប់ធញ្ញជាតិចូល និងចេញពីកំពង់ផែរបស់អ៊ុយក្រែនដែលត្រូវបានរារាំងដោយរុស្ស៉ី ចាប់តាំងពីសង្រ្គាមផ្ទុះឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ។ កន្លងមក រុស្ស៉ីធ្លាប់បន្ទោសអ៊ុយក្រែនថា បានធ្វើឱ្យការដឹកជញ្ជូនមានភាពរាំងស្ទះ តាមរយៈការដាក់ពង្រាយគ្រាប់មីន នៅក្នុងផ្ទៃទឹកតាមកំពង់ផែរបស់ខ្លួន៕ ដោយ៖ ធីរីណា

រូប​ថត​ ៖​ RT


ចែករំលែក៖