ព័ត៌មានទាន់ហេតុការណ៍៖

រឿងព្រេងទាក់ទងនឹងមនុស្សស្លាប់ថ្មីៗ

ចែករំលែក៖

កាលបើមានបុគ្គលស្លាប់ថ្មីៗ នៅលើផ្ទះអាចារ្យយោគីត្រូវរកទឹកមួយក្អមតូច និងថ្មមួយដុំតូចហើយអុជធូបបីសរសៃយកទៅដាក់ចុងជើងបុគ្គល រួចធ្វើឧបកិច្ចការពារកុំឲ្យអសុរកាយវាចូលក្នុងរូបបុគ្គលនោះបាន។

  បើមិនដូច្នោះទេ កាលណាមានសត្វឆ្មាសម្បុតខ្មៅលោតកន្លងបុគ្គលនោះ អសុរកាយនឹងចូលក្នុងរូបបុគ្គលនោះបានពុំខាន។ តែបើមិនបានធ្វើដូច្នេះទេត្រូវព័ទ្ធសីមា បើបានព័ទ្ធសីមាហើយទោះបីមានឆ្មាខ្មៅលោតរំលងក៏មិនថ្វីដែរ។ តាមជំនឿរបស់ខ្មែរថា អសុរកាយជាពួកបិសាចតែងត្រូវរង្គាត់រកស៊ីគម្រង់ ហើយជួនកាលក៏អាចបន្លាចមនុស្សផងក៏មាន ទើបគេត្រូវតែការពារបុគ្គលដោយពិធីផ្សេងៗ។

  គេតែងប្រាប់គ្នាឲ្យធ្វើកិច្ចការផ្សេងៗចំពោះបុគ្គលស្លាប់ដូច្នេះដើម្បីជៀសវាងអន្តរាយដូចមានរឿងមួយដំណាលថា :

  នៅស្រុកមួយជាទីរហោឋានដាច់ស្រយាលអំពីទីប្រជុំជន ជាស្រុកសំបូរដោយព្រៃឈើស្រោងស្រឹងស្ងាត់ជ្រងំ មានអាកាសធាតុត្រជាក់ដោយទឹកសន្សើមនឹងឮសូរតែសំឡេងសត្វនានាស្រែកយំគួរឱ្យចាប់អារម្មណ៍។ នៅតំបន់នោះមានផ្ទះមួយជាជម្រកនៃមនុស្ស ៤ នាក់គឺ ឪពុក ម្ដាយនិងកូនប្រុសពីនាក់ដែលនៅក្នុងវ័យជំទង់។ ឪពុកចេញទៅរកស៊ីនៅស្រុកឆ្ងាយយូរៗទើបវិលមកផ្ទះម្ដង។ កូនប្រុសទាំងពីរនាក់នៅជាមួយម្ដាយ។ ថ្ងៃមួយជាចៃដន្យអ្វីនាងម្ដាយនោះមានជំងឺជាទម្ងន់ ក៏ធ្វើមរណកាលទៅ។អ្នកស្រុកដែលនៅភូមិជាមួយគ្នាប៉ុន្តែផ្ទះគេនៅឆ្ងាយនាំគ្នាមកជួយធ្វើក្តារមឈូសដាក់សព រួចស្រេចដល់ល្ងាចក៏ត្រឡប់ទៅផ្ទះវិញអស់ទៅ។ 

  ផ្ទះសពនោះត្រូវនៅត្រមោចកំព្រាមានតែកូនពីរនាក់អុជភ្លើងប៉ប្លុងនៅយាមសពម្ដាយរង់ចាំដល់ភ្លឺនិងបានអ្នកជិតខាងមកជួយទៀត។ ឯសពនៅក្នុងក្តារមឈូសនោះពុំទាន់បានព័ទ្ធសីមាឬកិច្ចការអ្វីមួយឡើយ ព្រោះពេលក៏ខើចនឹងទៅរកអាចារ្យណាមកក៏ពុំទាន់ ណាមួយផ្លូវកាត់ព្រៃ ហើយត្រូវនឹងពេលព្រលប់ជាពេលដែលសត្វសាហាវចេញរកស៊ីផង។

  ក្នុងរាត្រីនោះក្មេងទាំងពីរនាក់បងប្អូនចេះតែនាំគ្នាភ័យព្រួយព្រោះយប់កាន់តែស្ងាត់ទៅៗ សត្វខ្លែងស្រាក លលកខ្មោច ចេះតែបញ្ចេញសម្រែកគួរឲ្យព្រឺក្បាលព្រឺស្បែក។ ថ្លែងពីអសុរកាយតែងត្រាច់ចរកសាកសពសត្វព្រៃជាអាហារ លុះមកប្រទះឃើញខ្មោចក្នុងក្តារមឈូសដែលមិនទាន់មានសីមាការពារនៅឡើយ ក៏រលៀកខ្លួនចូលទៅស៊កក្នុងរូបសពនោះមួយរំពេច។ ខ្មោចដែលនៅស្តូកស្តឹងប្រៀបបាននឹងដើមឈើនោះ ក៏ស្រាប់តែហាក់ដូចជាមានវិញ្ញាណឡើងវិញ ហើយបម្រះប្រវេប្រវារកងើបចេញពីក្តារមឈូស។

  កុមារបងប្អូនដេកនៅជិតក្តារមឈូស ប្អូនមិនទាន់ដឹងការអ្វីច្រើនក៏ដេកលក់ទៅ នៅតែកុមារបងដែលចេះតែមានការបារម្ភខ្លាច។ លុះឮសូរខ្មោចនោះគ្រុះគ្រះៗក្នុងក្តារមឈូស វាក៏ចេះតែលួចសម្លឹងទៅរកក្តារមឈូស។មិនយូរប៉ុន្មានស្រាប់តែខ្មោចនោះអើតក្បាលចេញមកក្ងក់ ម៉ែអើយអើតមកធ្វើអ្វីហ្នឹង? កុមារបងឃើញដូច្នេះភ័យណាស់កន្ត្រាក់ដៃប្អូនរត់ចុះពីលើផ្ទះ។ ប្អូនក៏ស្ទុះទៅតាមទាំងស៊ើងម៉ើង។បងនិយាយបណ្តើររត់បណ្តើរប្រាប់ប្អូនកុំឲ្យងាកក្រោយឲ្យសោះ ។ ក្មេងទាំងពីរនាក់រត់មិនយូរប៉ុន្មានខ្មោចនោះក៏លោតចុះដេញតាមពីក្រោយទៅដែរ។ ឃើញដូច្នោះក្មេងទាំងពីរខំរត់សំដៅទៅវត្តព្រោះគិតឃើញថា មានតែវត្តទេដែលអាចជួយខ្លួនឲ្យផុតអំពីភ័យអន្តរាយនេះ។

  ឯអសុរកាយនោះតាមទៅដល់របងវត្ត ឃើញសីមា វាមិនហ៊ានចូលក៏ចេញពីរូបសាកសពនោះទៅ។ ឯសាកសពក៏រលំដួលដេកនៅច្រងាងក្នុងទីនោះឯង។

  លុះព្រឹកឡើងព្រះសង្ឃនិងអ្នកស្រុកដឹងរឿងហើយក៏ផ្អើលឈូឆរ ហើយនាំគ្នាលើកខ្មោចនោះទៅបូជាធ្វើកិច្ចរំងាប់ចង្រៃគ្រប់បែបយ៉ាងទៅតាមទម្លាប់។

  ដោយខ្មោចមានហេតុអាក្រក់ជាចៃដន្យ ដូចក្នុងរឿងដំណើរនេះឯងហើយ ទើបចាស់បុរាណបានបង្គាប់គ្នាឲ្យរៀបរណ្ដាប់ធ្វើកិច្ចផ្សេងៗនិងឲ្យព័ទ្ធសីមាជាការចាំបាច់ដើម្បីការពារទុកជាមុន។

  របៀបនេះក៏បានជាទំនៀមទម្លាប់រហូតមក៕

(ដកស្រង់តាមសៀវភៅប្រជុំភាគទី ៩ ដោយ ចៅតាជេត)


ចែករំលែក៖