ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ បានសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទ២នាក់ជាមុខសញ្ញាប្រើកាំភ្លើងជ័រនិងកាំបិតបុ័ងតោប្លន់យកលុយនៅកន្លែងអុីនធើណេត ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោស។
ជនត្រូវចោទម្នាក់ឈ្មោះ យក់ ប្រាវីត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ពេលឃាត់ខ្លួនស្នាក់នៅផ្ទះជួល តាមផ្លូវលំ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងជនត្រូវចោទម្នាក់ទៀតឈ្មោះ មិត្ត វីរៈ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ពេលចាប់ខ្លួនស្នាក់នៅផ្ទះជួលដូចគ្នា ។
សូមជម្រាបថា កាលពីវេលាម៉ោងប្រហែល៤និង៥០នាទីទៀបភ្លឺថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ មានករណីចោរមួយក្រុមបានប្រើកាំភ្លើង(ជ័រ) និងកាំបិតបុ័ងតោធ្វើសកម្មភាពភ្ជង់គំរាមប្លន់ជនរងគ្រោះយកប្រាក់អស់ប្រមាណជា១.៥០០ដុល្លារអាមេរិក ប្រព្រឹត្តនៅចំណុចទីតាំងអុីនធើណេត ផ្ទះលេខ១៥២ ផ្លូវលេខ២៥៥ ក្នុងភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ និងមួយករណីទៀតកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ប្លន់នៅភូមិសន្សំកុសល សង្កាត់សន្សំកុសល ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្រោយកើតមានអំពើប្លន់នោះ និងទទួលបានបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក កម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌសហការជាមួយនគរបាលខណ្ឌមានជ័យ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ បានបើកការស៊ើប អង្កេតនិងស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនមុខសញ្ញាជាជនសង្ស័យប្លន់នោះបាន២នាក់ និងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ។ សំណុំរឿងនេះក៏បានស្ថិតនៅស្ថាប័នអយ្យការបើកការស៊ើបសួរ និងចោទប្រកាន់ជាផ្លូវការ រួចចាត់បញ្ជូនទៅឱ្យចៅក្រមសម្រេចឃុំខ្លួនជនត្រូវចោទដាក់ពន្ធនាគារជាបណ្តោះអាសន្ន រង់កាត់ទោសទៅតាមផ្លូវច្បាប់ ៕
ដោយ ៖ រ៉ារ៉ា