តម្លៃថាមពលសម្រាប់ខែសីហាឆ្នាំ ២០២២នៅមជ្ឈមណ្ឌល TTF ក្នុងប្រទេសប៉ូឡូញ បានកើនឡើងដល់ទៅ២០០៣ដុល្លារ ក្នុង ១០០០ម៉ែត្រគូប។
តម្លៃកើនឡើងខ្ពស់ក្រោយពេលរុស្ស៊ីបានប្រកាសថា នៅថ្ងៃទី ១៧ខែកក្កដានេះចំនួនថាមពលហ្គាសបូមឆ្លងកាត់បំពង់បង្ហូរ Nord Streamត្រូវកាត់បន្ថយពាក់កណ្តាល នៅសល់តែ ៣៣លានម៉ែត្រគូបប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលពីមុនមានដល់ទៅ ៦៧លានម៉ែត្រគូបក្នុងមួយថ្ងៃ។
ក្នុងពេលនេះដែរសហគមន៍អឺរ៉ុបបានព្រមព្រៀងគ្នាកាត់បន្ថយការប្រើប្រាស់ថាមពលដល់ទៅ១៥%ក្នុងរដូវរងាខាងមុខនេះ ក្រោយពេលរុស្ស៊ីប្រកាសកាត់បន្ថយការផ្គត់ផ្គង់ថាមពល។
នៅក្នុងការប្រកាសរបស់រដ្ឋមន្ត្រីការបរទេសអឺរ៉ុបបានបញ្ជាក់ថា ការសម្រេចកាត់បន្ថយថាមពលគឺដើម្បីសន្សំសំចៃសម្រាប់រដូវរងាខណៈដែលប្រភពផ្គត់ផ្គង់ពីរុស្ស៊ីត្រូវផ្អាក។
ក្នុងពេលនេះដែរប្រទេសតំបន់អឺរ៉ុបបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីកង្វះថាមពលនៅរដូវរងាខាងមុខ អាចបង្កឱ្យមានវិបត្តិទ្រង់ទ្រាយធំ។ នៅពេលនេះតំបន់អឺរ៉ុបនៅមិនទាន់មានប្រភពផ្គត់ផ្គង់ណាមួយមកជំនួសរុស្ស៊ីនោះឡើយ ៕ ដោយ៖ ធីរីណា
រូបថត ៖ TCDN