ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើកឡំប្រឺតាយ៉ាងលឿនជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយពេញទំហឹងបណ្ដាលឱ្យគាបជាប់រងរបួសធ្ងន់ រីឯរថយន្តបើកគេចបាត់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើកឡំប្រឺតាក្នុងល្បឿនលឿនគួបផ្សំមេឃកំពុងភ្លៀងផងនោះមិនប្រយ័ត្នជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយពេញទំហឹងបណ្ដាលឱ្យគាបជាប់នឹងឡំប្រឺតារងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវហាណូយ ខាងជើងស្ពានអាកាសផ្សារដីហុយ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

     បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តកុងតឺន័រមួយគ្រឿងមិនចាំស្លាកលេខធ្វើដំណើរតាមបណ្តោយផ្លូវហាណូយ ក្នុងទិសដៅពីត្បូងទៅជើង។ លុះបើកមកដល់ចំណុចកើតហេតុខាងលើ ក៏មានបុរសម្នាក់ទៀតបើកឡំប្រឺតាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HD-5435 ធ្វើដំណើរស្របទិសគ្នាតាមពីក្រោយយ៉ាងលឿន រួចជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយពេញទំហឹង បណ្ដាលឱ្យអ្នកបើកបរឡំប្រឺតាគាបជាប់នឹងចង្កូតឡំប្រឺតារងរបួសធ្ងន់ ហើយភ្លាមៗនោះរថយន្តកុងតឺន័រមិនបានឈប់នៅនឹងកន្លែងកើតហេតុនោះទេ គឺបានបើកបន្តទៅមុខទៀតបាត់ស្រមោលទៅ។

     ក្រោយមកក៏មានបងប្អូនប្រជាពលរដ្ឋព្រមទាំងកម្លាំងសមត្ថកិច្ចមូលដ្ឋាននាំគ្នាចុះទៅជួយធ្វើអន្តរាគមន៍គាស់យកជនរងគ្រោះចេញពីឡំប្រឺតា រួចបញ្ជូនតាមរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ដោយឡែកឡំប្រឺតារបស់ជនរងគ្រោះដែលរងការខូចខាតយ៉ាងដំណំនោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកបណ្ដោះអាសន្នរង់ចាំប្រគល់ជូនម្ចាស់នាពេលក្រោយ ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖